ADB នឹងផ្តល់ហិរញ្ញប្បទាន សម្រាប់វិស័យឯកជន
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់ វិស័យឯកជន លើវិស័យអាទិភាពសំខាន់ៗមួយចំនួន ។

វិស័យអាទិភាពសំខាន់ៗរួមមាន ៖ វិស័យថាមពល និង យនយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ។
នេះបើយោងតាមលទ្ធផល ជំនួបរវាងលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វីនហ្វែត វឹកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋាន អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី ។

យោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ, ក្រុមបេសកកម្ម របស់ ADB នឹងមកបំពេញបេសកកម្ម ដើម្បីធ្វើបច្ចុប្បន្នកម្ម បញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យម និងគិតគូរអំពីការ ពង្រឹងវិស័យឯកជន កម្ពុជា រួមទាំង ការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌ ហិរញ្ញប្បទានសម្រាប់ វិស័យឯកជន លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យថាមពល និង យានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញ ប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួត ប្រជែងនៅកម្ពុជា ជាដើម ។

ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជា ក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និង ហានិភ័យបណ្តាលមកពីការ អនុវត្តគយបដិការផងដែរ៕
