ព័ត៌មានអន្តរជាតិ

លោក Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ ឲ្យ​ដក​ពន្ធ​វិញ ពី​ផលិតផលសាច់គោ និង​កាហ្វេ​ របស់ប្រេស៊ីល

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចដកពន្ធលើផលិតផលអាហារប្រេស៊ីល ៤០% រួមទាំងសាច់គោ កាហ្វេ កាកាវ និងផ្លែឈើ ដែលត្រូវបានដាក់ក្នុងខែកក្កដា ដើម្បីដាក់ទណ្ឌកម្មប្រេស៊ីលជុំវិញការកាត់ទោសអតីតប្រធានាធិបតីរបស់ខ្លួន ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump គឺលោក Jair Bolsonaro ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការបញ្ជាស្រដៀងគ្នា ដោយរដ្ឋបាលកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីដកពន្ធលើផលិតផលកសិកម្មមួយចំនួន ពីប្រទេសផ្សេងទៀត ខណៈដែលសេតវិមាន បានធ្វើការផ្លាស់ប្តូរឡើងវិញ លើពន្ធមួយចំនួនដែលបានបង្កើនតម្លៃម្ហូបអាហារ នៅក្នុងសហរដ្ឋអាមេរិក។

បទបញ្ជានេះនឹងប៉ះពាល់ដល់ការនាំចូល របស់ប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិកនៅ ឬក្រោយថ្ងៃទី ១៣ ខែវិច្ឆិកា ហើយអាចទាមទារ ឱ្យមានការសងប្រាក់វិញ នូវពន្ធដែលប្រមូល បានលើទំនិញទាំងនោះ ខណៈដែលពន្ធនៅតែត្រូវបានគិត។ នេះបើយោងតាមអត្ថបទនៃការបទបញ្ជា ដែលចេញផ្សាយដោយសេតវិមាន។

ជាធម្មតា ប្រទេសប្រេស៊ីលផ្គត់ផ្គង់មួយភាគបី នៃកាហ្វេដែលប្រើនៅសហរដ្ឋអាមេរិក ដែលជាអ្នកផឹកកាហ្វេដ៏ធំបំផុតរបស់ពិភពលោក ហើយថ្មីៗនេះបានក្លាយជាអ្នកផ្គត់ផ្គង់ សាច់គោដ៏សំខាន់ ជាពិសេសប្រភេទដែលប្រើដើម្បីធ្វើប៊ឺហ្គឺ៕
ប្រែសម្រួលៈ ណៃ តុលា

To Top