ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ ជួបពិភាក្សាគ្នា ត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នាឱកាសកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយគ្នា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅ​ទីស្តីការក្រសួងទេសចរណ៍ ។

ដោយទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ ។ ក្នុងន័យនេះ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដំណើរការប្រកបដោយភាពជោគជ័យតាមការគ្រោងទុក និង ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, លោកកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, អនុប្រធានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និង ជាប្រធានអនុគណៈកម្មការទី៥ (រៀបចំព្រឹត្តិការណ៍អម), លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍, អនុប្រធានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធានក្រុមការងារ ដឹកនាំរៀបចំព្រឹត្តិការណ៍អម (ភូមិហ្រ្វង់កូហ្វូន) បានជួបប្រជុំពិភាក្សាការងារ អំពីការកំណត់ទីតាំង, ផែនការ, ការត្រៀមរៀបចំ និងដំណើរការប្រព្រឹត្តទៅ នៃព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូន។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជាសមាជិកអង្គការអន្តរជាតិ នៃក្រុមប្រទេស និយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួម ពីប្រទេសសមាជិកជាង ៩០ ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top