ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរបស់ឥណ្ឌា ធ្លាក់ក្នុងអំឡុង ពេលដាក់តាំងបង្ហាញ នៅឯពិព័រណ៍អាកាសចរណ៍ ទីក្រុងឌូបៃ ស្លាប់ពិឡុតម្នាក់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា យន្តហោះចម្បាំងដែលផលិត ដោយប្រទេសឥណ្ឌាបានធ្លាក់ ក្នុងអំឡុងពេលដាក់តាំងបង្ហាញ នៅឯពិព័រណ៍អាកាសចរណ៍ ទីក្រុងឌូបៃកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរនៅទីក្រុងឌូបៃ បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានទៅដល់កន្លែង ហើយអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើង។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ។ (1010 GMT) បន្ទាប់ពីយន្តហោះបានហោះក្នុងរយៈកម្ពស់ទាប ហើយក៏បានធ្លាក់ឆាបឆេះអណ្តាតភ្លើងប្រហែល ១ ម៉ាយ (១,៦ គីឡូម៉ែត្រ) ពីកន្លែងតាំងបង្ហាញ។

ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្តុំ​គ្នា ​ដើម្បី​មើល​ការ​ សម្ដែង​តាម​អាកាស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Al Maktoum នៅ Dubai World Central ក្នុង​ប្រទេស​អារ៉ាប់រួម ។

សារព័ត៌មាន Associated Press បានរាយការណ៍ថា យន្តហោះបានហោះកាត់កន្លែង ដាក់តាំងបង្ហាញជាច្រើនដង មុនពេលដែលវាហាក់ដូចជាបាត់បង់ ការគ្រប់គ្រង និងធ្លាក់បុកនឹងដី។ អ្នកបើកយន្តហោះត្រូវបានស្លាប់ក្នុងឧប្បតិហេតុនោះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top