រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ពិភពលោកថា ប្រទេស កម្ពុជា បានអនុម័តផែនការជាតិ ស្តីពីប្រព័ន្ធត្រជាក់អកម្ម
ភ្នំពេញ ៖ ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាព ត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge) លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ប្រាប់ពិភពលោកថា ប្រទេសកម្ពុជាបានអនុម័តផែនការជាតិស្តីពីប្រព័ន្ធត្រជាក់អកម្ម (National Cooling Action Plan) ដ៏ទូលំទូលាយ ដោយបានរួមចំណែក ដោះស្រាយបញ្ហាតម្រូវការ សារធាតុត្រជាក់នៅក្នុងអគារ ខ្សែច្រវ៉ាក់ផលិតអាហារត្រជាក់ និងកន្លែងថែទាំសុខភាព ។

សសរស្តម្ភជាមូលដ្ឋាននៃផែនការជាតិស្តីពីប្រព័ន្ធត្រជាក់អកម្ម គឺជាយុទ្ធសាស្ត្រត្រជាក់អកម្ម ដើម្បីកាត់បន្ថយតម្រូវការកំដៅ និងភាពត្រជាក់ដោយការរចនា មុនពេលពឹងផ្អែក លើប្រព័ន្ធមេកានិច ។ នៅក្នុងប្រទេសកម្ពុជា ភាពត្រជាក់អកម្មកំពុង ការពារសហគមន៍រួចហើយក្នុងអំឡុង ពេលរលកកំដៅកើនឡើង ដោយបានជួយបន្ធូរបន្ថយសម្ពាធ លើប្រព័ន្ធថាមពល របស់យើង និងជៀសវាងតម្រូវការ ដែលមិនមានភាពចាំបាច់ ក្នុងនោះយើងបានត្រៀមខ្លួន ជាស្រេចក្នុងការចែករំលែក លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងបទពិសោធន៍របស់កម្ពុជា ហើយក៏សូមស្វាគមន៍ ភាពជាដៃគូរផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកាន់តែស៊ីជម្រៅ ដើម្បីពន្លឿនភាពត្រជាក់អកម្មនៅទូទាំងប្រទេសអាស៊ាន និងពិភពលោក។

គួរបញ្ជាក់ថា៖ វេទិកាកិច្ចពិភាក្សា តុមូលជាន់ខ្ពស់ ថ្នាក់រដ្ឋមន្រ្តី ស្តីពី ការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់ អកម្មសកល(The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COPs) ដើម្បីវាយតម្លៃពីការប្តេជ្ញាចិត្ត របស់ប្រទេស ក្នុងការអនុវត្ដសកម្មភាព ភាពត្រជាក់អកម្ម ក្នុងការចូលរួមកាត់បន្ថយការ កើនឡើងឧស្ម័នផ្ទះកញ្ចក់ ឱ្យបានយ៉ាងតិច ៦៨% នៅឆ្នាំ ២០៥០៕




