អ្នកក្រុងតូក្យូ រាប់រយនាក់ ជួបជុំគ្នានៅមុខភូមិគ្រឹះ របស់នាយករដ្ឋមន្រ្តី ដើម្បីប្រឆាំងតវ៉ា ចំពោះការលើកឡើង ដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាតៃវ៉ាន់
យប់ថ្ងៃទី ២១ ខែវិច្ឆិកា ប្រជាជនជប៉ុនរាប់រយនាក់ បានជួបជុំគ្នានៅមុខភូមិគ្រឹះ របស់នាយករដ្ឋមន្រ្តីនៅក្រុងតូក្យូ ដើម្បីប្រឆាំងតវ៉ាចំពោះលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនដែលបានលើកឡើង ពាក្យសម្តីដ៏ខុសឆ្គងពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ក្នុងរដ្ឋសភា ហើយទាមទារឱ្យលុបចោលការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធ ព្រមទាំងធ្វើការបកស្រាយ និងសុំអភ័យទោស ។
បាតុករទាំងឡាយបានលើកបដាដែលសរសេរថា “លុបចោលពាក្យសម្តី ប្រឆាំងនឹងសង្គ្រាម” “លោកស្រីSanae Takaichiបង្ករឿង ទើបមានរឿង” និង “លោកស្រីSanae Takaichiចុះចេញពីមុខតំណែង”ជាដើម ហើយស្រែកពាក្យស្លោក “ហាមឃាត់ការងើបឡើងវិញនៃយោធានិយម”ជាដើម ។ បាតុករជាច្រើននាក់ទាមទារឱ្យលោកស្រី Sanae Takaichi ត្រូវរ៉ាប់រងទំនួលខុសត្រូវចំពោះការលើកឡើងដ៏ខុសឆ្គងរបស់ខ្លួនពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ហើយសុំចុះចេញពីមុខតំណែងជានាយករដ្ឋមន្ត្រី។

បាតុករម្នាក់បានប្រាប់អ្នកសារព័ត៌មានថា នាពេលថ្មីៗកន្លងទៅនេះ នៅរមណីយដ្ឋានជាច្រើននៃប្រទេសជប៉ុនមានអ្នកទេសចរចិនកាន់តែតិចទៅៗ ឧស្សាហកម្មទេសចរណ៍ចាប់ផ្តើមរងផលប៉ះពាល់ ។ គាត់បានថ្លែងថា លោកស្រី Sanae Takaichi ត្រូវរ៉ាប់រងទំនួលខុសត្រូវចំពោះផលវិបាកលើវិស័យការទូតនិងសេដ្ឋកិច្ចដែលបណ្តាលមកពីពាក្យសម្តីដ៏ខុសឆ្គងរបស់ខ្លួន “លោកស្រីចាំបាច់ត្រូវសុំអភ័យទោស លុបចោលពាក្យសម្តី ព្រមទាំងចុះចេញពីមុខតំណែងជានាយករដ្ឋមន្ត្រី ។ មនុស្សបែបនេះសក្តិ៍សមនឹងចូលរួមកិច្ចការនយោបាយទេ” ។
លោកស្រី Fukushima Mizuho ប្រធានគណបក្សសង្គមប្រជាធិបតេយ្យជប៉ុនក៏បានចូលរួមសកម្មភាពប្រឆាំងតវ៉ាដែរ ។ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វាចិន លោកស្រីបានលើកឡើងថា ពាក្យសម្តីពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់របស់លោកស្រី Sanae Takaichi បានជំរុញឱ្យជប៉ុនឆ្ពោះទៅរកសង្គ្រាម “អាកប្បកិរិយាខាងនយោបាយបែបនេះមិនអាចទទួលយកបានជាដាច់ខាត !”
