ឆេះកន្លែងតាំងបង្ហាញ រថយន្តមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ឆេះបំផ្លាញរថយន្តអស់បីគ្រឿង
បរទេស÷ អគ្គីភ័យបានឆាបឆេះ នៅកន្លែងតាំងបង្ហាញរថយន្តមួយកន្លែងនៅលើផ្លូវរាមាទី២ ក្រុងបាងកក ប្រទេសថៃ ដោយបានឆេះបំផ្លាញរថយន្ត ចំនួនបីគ្រឿងនៅព្រឹកថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ២ ទៀបភ្លឺ នៅមជ្ឈមណ្ឌលផលិតរថយន្តមួយកន្លែង ជិតផ្លូវរាមាទី២ សៃ៣៣ ក្នុងទីក្រុងបាងកក។
ក្រុមពន្លត់អគ្គីភ័យ បានប្រយុទ្ធប្រឆាំងនឹងផ្សែងក្រាស់ៗចេញពីបន្ទប់តាំងបង្ហាញជាន់ផ្ទាល់ដីអស់រយៈពេលជាង ៣០ នាទី មុនពេលគ្រប់គ្រង អណ្តាតភ្លើងបាន ។ រថយន្តភីកអាប់ពីរគ្រឿង និងរថយន្ត SUV មួយគ្រឿងត្រូវបានបំផ្លាញទាំងស្រុង រួមជាមួយនឹងគ្រឿងសង្ហារឹម និងទ្រព្យសម្បត្តិផ្សេងទៀតនៅខាងក្នុង។ គ្មាននរណាម្នាក់រងរបួសនោះទេ។
សន្តិសុខបានរាយការណ៍ថា បានឮសំឡេងផ្ទុះខ្លាំងមួយ ប្រហែលជាមកពី ឧបករណ៍បំលែងអគ្គិសនី មុនពេលអណ្តាតភ្លើងឆាបឆេះ ចេញពីជ្រុងមួយនៃអគារ ។ ក្រុមកោសល្យវិច្ច័យនឹងស៊ើបអង្កេតមូលហេតុ ៕
ប្រែសម្រួល: ណៃ តុលា
