នាយឧត្តមសេនីយ៍ ស ថេត ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ជាដៃគូសហការគ្នាយ៉ាងជិតស្និទ រឹងមាំមិនអាចខ្វះបាន
កំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងដោយចាត់ទុកថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស គឺជាដៃគូសហការគ្នា យ៉ាងជិតស្និទ រឹងមាំមិនអាចខ្វះបាន និងជួយបំពេញឲ្យគ្នា ទៅវិញទៅមក តាំងពីពេលកន្លងមក ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដើម្បីសម្រេចជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២ រួមជាមួយវគ្គជំនាញពិសេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំកងកម្លាំង នគរបាលជាតិនៅពេលនេះ គឺជាសក្ខីភាព នៃការបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងភាតរភាពយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានអង្គរក្ស។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្តពង្រឹងកិច្ចសហការល្អប្រសើរ និងរឹងមាំ រវាងអង្គភាពទាំងពីរ ក្នុងការបំពេញភារកិច្ចស្នូលដើម្បីធានាសន្តិសុខ និងសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមគ្រួសារ រួមទាំងកិច្ចសហការក្នុងការបំពេញភារកិច្ចសំខាន់ៗផ្សេងទៀត ឲ្យសម្រេចបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្ដរួមគ្នាពង្រឹង កិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសុវត្ថិភាពជូន សម្តេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងក្រុមគ្រួសារ។

បើតាម នាយឧត្តមសេនីយ៍ ស ថេត, ជាលទ្ធផលកន្លងមក គឺបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងកិច្ចសហការការពារសន្តិសុខ និងព្រះរាជសុវត្ថិភាពថ្វាយអង្គព្រះមហាក្សត្រ សុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ រួមទាំងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រាប់ព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានានៅទូទាំងប្រទេសបានល្អយ៉ាងប្រសើរ ដោយបានលើកស្ទួយកិត្តិយស កិត្យានុភាព និងឧត្តមភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិថែមទៀតផង៕

