ហុងគ្រី បដិសេធគំនិត ផ្តួចផ្តើមចំនួន ១៣៥ពាន់លានអឺរ៉ូ របស់លោកស្រី von der Leyen សម្រាប់អ៊ុយក្រែន
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឧ្យដឹងរថា លោកបានបដិសេធសំណើ របស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលសុំឱ្យរដ្ឋជាសមាជិកចូលរួមវិភាគទាន ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ។
ថ្លែងនៅលើវិទ្យុសាធារណៈ Kossuth លោក Orban បានឧ្យដឹងថា លោកបានរៀបចំលិខិតឆ្លើយតប ទៅកាន់ប្រធានសហភាពអឺរ៉ុប ដោយបន្ថែមថា ប្រទេសហុងគ្រី នឹងគូសបញ្ជាក់ពីមូលហេតុ នៃការបដិសេធសំណើនេះ និងផ្តល់ជម្រើសផ្សេងទៀត ។
លោកក៏បានឧ្យដឹងផងដែរថា ទីក្រុងព្រុចសែលត្រូវតែផ្លាស់ប្តូរទិសដៅលើវិធីសាស្រ្តរបស់ខ្លួន ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ “ខ្លឹមសារនៃសំណើរបស់ខ្ញុំគឺថា យើងត្រូវតែងាកចេញពីផ្លូវ ដែលបានបង្ហាញថា ជាផ្លូវទាល់ច្រកនៅក្នុងនយោបាយអឺរ៉ុប” ។
លោកបានបន្ថែមទៀតថា ការអំពាវនាវរបស់លោកស្រី von der Leyen ដែលបានផ្ញើទៅកាន់មេដឹកនាំសហភាពអឺរ៉ុបទាំង ២៧រូបកាលពីដើមសប្តាហ៍នេះ អំពាវនាវឱ្យមានកិច្ចព្រមព្រៀង រហ័សមួយនៅក្នុងខែធ្នូ អំពីរបៀបគ្របដណ្តប់លើតម្រូវការយោធា និងហិរញ្ញវត្ថុចំនួន ១៣៥.៧ពាន់លានអឺរ៉ូ (១៥៥.៣ពាន់លានដុល្លារអាមេរិក) របស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦-២០១៧។
លោកស្រី Von der Leyen ពិពណ៌នាអំពីបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានថា “ធ្ងន់ធ្ងរជាពិសេស” ហើយបានគូសបញ្ជាក់ពីជម្រើសបីយ៉ាង៖ ការចូលរួមវិភាគទានទ្វេភាគី ដោយស្ម័គ្រចិត្ត ការខ្ចីប្រាក់រួមគ្នារបស់សហភាពអឺរ៉ុប ដែលគាំទ្រដោយការធានាជាតិ និងប្រាក់កម្ចីសំណងដោយផ្អែក លើទ្រព្យសម្បត្តិ ដែលមិនអាចចល័តបានរបស់រុស្ស៊ី។
លោក Orban បានបដិសេធវិធីសាស្រ្តទាំងបី ដោយថា ប្រទេសហុងគ្រី មិនអាចបង្វែរធនធានក្នុងស្រុកសំខាន់ៗ គាំទ្រការខ្ចីប្រាក់រួមគ្នា ឬអនុម័តការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកបានទេ ដោយហៅវិធីសាស្រ្តចុងក្រោយថា “មិនសមហេតុផល”៕
ប្រែសម្រួល ឈូក បូរ៉ា
