ព័ត៌មានអន្តរជាតិ

​ មេដឹកនាំប្រទេសចំនួន៤​ ពិភាក្សាអំពីផែនការ ដែលស្នើឡើងដោយអាមេរិក​ ស្ដីពីសន្ដិភាពអ៊ុយក្រែន

គៀវ ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា លោកបានពិភាក្សាអំពីផែនការសន្តិភាព​ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក​ ក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទរួមគ្នា ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ។

លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញសង្គម​ X ឧ្យដឹងថា អ្នកចូលរួមនៃកិច្ចពិភាក្សា បានសម្របសម្រួលជំហានបន្ទាប់របស់ពួកគេ ហើយបានឯកភាពថា ក្រុមរបស់ពួកគេនឹងធ្វើការជាមួយគ្នា។

លោក បានលេីកឡេីងថា “យើងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ​ ដើម្បីធានាថាជំហរគោលការណ៍ត្រូវបានយកមកពិចារណា”​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឧ្យដឹង កាលពីថ្ងៃសុក្រថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំមួយ​ ដើម្បីពិភាក្សាអំពីវិធីដើម្បីសម្រេចបានសន្តិភាព នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លោកបានឧ្យដឹងនៅលើបណ្ដាញហ្វេសប៊ុកថា «យើងបានពិភាក្សាអំពីវិធីសាស្រ្តនានា ក្នុងការស្តារសន្តិភាពដ៏យុត្តិធម៌ឡើងវិញ លំដាប់នៃជំហានបន្ទាប់ និងទម្រង់ជាក់ស្តែងសម្រាប់ការសន្ទនាបន្ថែមទៀត” ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top