រដ្ឋបាលខេត្តកំពង់ចាម ៖ ករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ត្រូវបានឃាត់ខ្លួនហេីយ
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនថា ៖ នៅវេលាម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីករណីឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ នៅភូមិពោន ឃុំទទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ អភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត ក្រោម ការដឹកនាំសម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងខេត្ត ធ្វើការចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុ និងវែកមុខជនល្មើស ទទួលបានលទ្ធផលដូចជា ៖
១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ ៣០នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការ ដាច់ស្រយ៉ាល។

២. ឃាតកម្មដុតផ្ទះ និងអារករសម្លាប់នេះ បានបណ្តាលឲ្យមនុស្ស ៩នាក់ បាត់បង់ជីវិត ក្នុងនោះ ៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀត ត្រូវបានអារកសម្លាប់នៅចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីទីតាំង ផ្ទះឆេះ។ ជនរងគ្រោះទាំង ៩នាក់ មាន ស្រី ៧នាក់ និង ប្រុស ២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។
៣.ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជា ប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ហាក់មានស្មារតីមិនប្រក្រតី។ តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងសារធាតុ ញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាម របស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់ បន្ថែមទៀត។

ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នា ដូច្នេះ បញ្ហា ឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឲ្យមានឃាតកម្មនេះ គឺ ជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”។
រដ្ឋបាលខេត្តកំពង់ចាម បានចូលរួមសោកស្តាយ ចំពោះសោកនាដកម្ម ដែលបានកើតឡើង យ៉ាងសាហាវយង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងសូមស្នើ ឲ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស៕

