ព័ត៌មានជាតិ

សម្តេចតេជោ ត្រូវបានបោះឆ្នោត បន្តជាអនុប្រធាន CDI-IDC

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ (CDI-IDC)សម្រាប់អាណត្តិ៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៩។

យោងតាមលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃ អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ ទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ចេញផ្សាយដោយ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ត្រូវបានបោះឆ្នោតបន្តឱ្យធ្វើជាអនុប្រធាន CDI-IDC សម្រាប់អាណត្តិ៤ឆ្នាំ ដោយមាន លោក សួស យ៉ារ៉ា ជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ មហាសន្និបាត CDI-IDC ដែលមានសមាជិក ១០៥គណបក្ស មកពី ៨២ប្រទេស ក៏បានបោះឆ្នោត ជ្រើសរើសលោក Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី ជាប្រធានសារជាថ្មី ដោយសំឡេងឯកច្ឆ័ន្ទ និងបានបោះឆ្នោត ជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៦រូប មកពីប្រទេសអាល់បានី អង់ហ្គោឡា អាហ្សង់ទីន ប្រេស៊ីល កម្ពុជា ឆាដ កូស្តារីកា កូដឌីវ័រ ក្រូអាស៊ី ហុងគ្រី ឥណ្ឌូនេស៊ី លីបង់ ម៉ិកស៊ិកកូ ម៉ារ៉ុក ប៉េរ៉ូ និងស្លូវេនី ក្នុងនោះមានឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ៖ លោកVictor Orban នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្តម Andrej Plenković នាយករដ្ឋមន្ត្រីក្រូអាត លោក Janez Jansa អតីត នាយករដ្ឋមន្ត្រីស្លូវេនី ព្រមទាំងបានជ្រើសតាំង លោក Antonio Lopez Isturiz ជាអគ្គលេខាធិការ ៕

To Top