ឆេះ power bank នៅលើយន្តហោះ ពេលកំពុងហោះហើរ ពីហុងកុងទៅកាន់សិង្ហបុរី ធ្វើឱ្យអ្នកដំណើរគ្រប់គ្នា ភ័យស្ទើរលស់ព្រលឹង
បរទេស៖ អគ្គីភ័យតូចមួយ បានឆាបឆេះឡើង នៅលើជើងហោះហើរ Scoot ដែលធ្វើដំណើរពីហុងកុង ទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២២ ខែវិច្ឆិកា បន្ទាប់ពី power bank របស់អ្នកដំណើរបានឡើងកំដៅខ្លាំង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅក្នុង Xiaohongshu អ្នកដំណើរម្នាក់បាននិយាយថា ការឆាបឆេះសន្ធោសន្ធៅ ពេញបន្ទប់យន្តហោះ ខណៈយន្តហោះត្រៀមចុះចត ។
វីដេអូដែលភ្ជាប់ជាមួយ នឹងការបង្ហោះបង្ហាញពីអ្នកបម្រើលើយន្តហោះ ជាច្រើននាក់បានប្រមូលផ្តុំគ្នាជុំវិញ វត្ថុមួយនៅលើជាន់កាប៊ីនយន្តហោះ ខណៈពេលដែលអ្នកដំណើរ នាំគ្នាសម្លឹងមើល។
សារព័ត៌មាន The Straits Times បានរាយការណ៍ថា នាវិកបានអូសកាបូបយួរដៃពណ៌ខ្មៅចូលទៅក្នុងបង្គន់ ហើយបានណែនាំអ្នកដំណើរឱ្យនៅអង្គុយ ហើយចៀសវាងការថតរូប ឬវីដេអូ។
បើតាមអ្នករួមដំណើរ បានឲ្យដឹងថា អ្នកដែលជិះលើយន្តហោះ បានទទួលដំណឹងថា មានភ្លើងឆេះ មុនពេលចុះចត ទើបបណ្តាលឲ្យមានការភ័យស្លន់ស្លោ និងមិនស្រួល ដោយសារក្លិនផ្សែង និងសារធាតុគីមី។
អ្នកដំណើរបានបន្ថែមថា បុគ្គលិកនៅលើយន្តហោះ បានចំណាយពេលមួយរយៈខ្លីដើម្បីពន្លត់ភ្លើងនោះ។ បន្ទាប់ពីចុះចត អ្នកពន្លត់អគ្គីភ័យ និង គ្រូពេទ្យបានឡើងលើយន្តហោះ ដើម្បីធានាថា អ្វីៗស្ថិតក្រោមការគ្រប់គ្រង មុនពេលអ្នកដំណើរ ចុះពីលើយន្តហោះ ៕
ប្រែសម្រួលៈ ណៃ តុលា
