សាស្រ្តាចារ្យ ឈាង រ៉ា ៖ នៅពេលនិយាយ ពីសុខាភិបាល គឺមានចំណែក ពាក់ព័ន្ធទាំងអស់គ្នា
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា នៅពេលនិយាយពីសុខាភិបាល គឺមានចំណែកពាក់ព័ន្ធនឹងទាំងអស់គ្នា ។ ដូច្នេះក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវតែមានការគិតគូ ឱ្យបានជាប់ជានិច្ច ។

ក្នុងឱកាសឆ្លៀតចូលពិនិត្យ និងសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ក្នុងខេត្តកំពង់ធំ សាស្រ្តាចារ្យ ឈាង រ៉ា បានចូលពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលកែលម្អអាគារពិនិត្យ បន្ទប់វះកាត់ និងសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ និងបានផ្តល់នូវអនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ គិតគូរឱ្យបានហ្មត់ចត់ ទៅតាមលក្ខណៈបច្ចេកទេស។

សាស្រ្តាចារ្យ បានគូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកនេះ មានបន្ទុកទទួលអ្នកជំងឺពីភូមិ ស្រុក ដែលមានប្រជាពលរដ្ឋច្រើន រស់នៅក្នុងតំបន់ ។ ដូច្នេះ ត្រូវរៀបចំឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើសេវាពិនិត្យ ថែទាំសុខភាព ពិសេសការ វះកាត់ សង្រ្គោះបន្ទាន់ ក្នុងគោលដៅជួយសង្រ្គោះ អាយុជីវិតអ្នកជំងឺ និងអ្នករបួសបានទាន់ពេលវេលា និងនៅគ្រប់កាលៈទេសៈ ៕









