ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសដំបូងគេ បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ហើយផ្ដល់ទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ហើយផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ទទួលជួបគណៈប្រតិភូ មជ្ឈមណ្ឌលស្រាវជ្រាវ សេដ្ឋកិច្ចអាស៊ាននិង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោក YAMADA Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយ ដើម្បីធ្វើការរាយការណ៍ជូនអំពីវឌ្ឍនភាព នៃការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជំនួបនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និង ERIA ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិស្ថានល្អ ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើចំណុចគន្លឹះនានា ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ នឹងអាចរួមចំណែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវឱកាសការងារ និង ការផ្ទេរបច្ចេកវិទ្យា ទំនើបពាក់ព័ន្ធ ដែលនឹងចូលរួមជំរុញកំណើន សេដ្ឋកិច្ចជាតិ ស្របតាមស្តង់ដារអភិវឌ្ឍន៍បៃតង ជាសកល។

លោឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកាលានុវត្តភាពថ្មី នៃការវិនិយោគនៅកម្ពុជា ជាពិសេស ភាពជោគជ័យ នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយ សហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា «កម្ពុជា គឺជាប្រទេសដំបូង គេបង្អស់ លើពិភពលោក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការនេះ ជាមួយអាម៉េរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក»។

បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់ ជាយុទ្ធសាស្ត្រនៃ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលលំហូរភស្តុភារកម្ម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងធានាបាននូវការតភ្ជាប់ផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុងការសិក្សាដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចចិត្ត លើការអនុវត្តគម្រោងនាពេលអនាគត ព្រមទាំងបានសម្តែងនូវអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ERIA និងបានលើកទឹកចិត្ត ឱ្យក្រុមការងារបន្តកិច្ចសហការឱ្យបានជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យគម្រោងនេះអាចបន្តបោះជំហាន ទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

To Top