ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន ជំរុញឱ្យជប៉ុន ពិចារណា និងកែតម្រូវកំហុសឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យជប៉ុនពិចារណា និងកែតម្រូវកំហុសរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងការប្រកាន់ខ្ជាប់នូវផ្លូវខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន ជាកន្លែងដែលលោកបានធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយរដ្ឋមន្ត្រីការបរទេស របស់ពួកគេរៀងៗខ្លួនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា។

លោក វ៉ាង យី បានលើកឡើងថា ប្រសិនបើជប៉ុន នៅតែបន្តធ្វើតាមរបៀបរបស់ខ្លួន ហើយបន្តធ្វើកំហុសដដែលៗ ប្រទេស និងប្រជាជនទាំងអស់ដែលតស៊ូមតិយុត្តិធម៌ មានសិទ្ធិពិនិត្យឡើងវិញនូវឧក្រិដ្ឋកម្មប្រវត្តិសាស្ត្ររបស់ជប៉ុន និងមានការទទួលខុសត្រូវក្នុង ការទប់ស្កាត់ការកើតឡើងវិញនៃយោធានិយមរបស់ជប៉ុន។

ដោយកត់សម្គាល់ថា ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ លើផលប្រយោជន៍ស្នូលគឺ ជាផ្នែកមួយដ៏សំខាន់ នៃសហគមន៍ចិន-អាស៊ីកណ្តាល ដែលមានអនាគតរួមគ្នា លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការក្លាយជាអ្នកគាំទ្រដ៏រឹងមាំ និងជាអ្នកការពារដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីកណ្តាល ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំង នឹងការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសនៅអាស៊ីកណ្តាល ហើយនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬកម្លាំងណាមួយបង្កើតការបែកបាក់ ឬភាពចលាចលឡើយ។

លោក បានបន្ដថា លោកបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីអំពីជំហរគោលការណ៍របស់ប្រទេសចិនទាក់ទងនឹងបញ្ហាតៃវ៉ាន់ និងបានលាតត្រដាងពាក្យសម្ដី និងសកម្មភាពខុសឆ្គងរបស់មេដឹកនាំបច្ចុប្បន្នរបស់ជប៉ុន ដែលបានរំលោភបំពានផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងបានប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី ២។

លោកបានបន្ដថា ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និង តាជីគីស្ថាន បានបញ្ជាក់ជាសាធារណៈថា មានតែប្រទេសចិន តែមួយប៉ុណ្ណោះនៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ ពួកគេប្រឆាំងនឹងទម្រង់ណាមួយនៃ “ឯករាជ្យភាពតៃវ៉ាន់” ហើយគាំទ្រយ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ។

លោក បន្ថែមថា សំឡេងរួមរបស់ពួកគេគឺទាន់ពេលវេលា ព្រោះវាមិនត្រឹមតែគាំទ្រជំហរស្របច្បាប់របស់ប្រទេសចិន លើបញ្ហាតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រ បទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ ដោយបង្ហាញយ៉ាងច្បាស់ម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាការឯកភាពគ្នា ដែលមិនអាចរង្គោះរង្គើបានរបស់សហគមន៍អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top