ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ ត្រូវគេសន្មត់ថា ជាការដើរថយក្រោយ ក្នុងប្រវត្តិសាស្ត្រ ដល់ពេលរំលឹកឡើងវិញនូវ “សុន្ទរកថា របស់លោក Tomiichi Murayama ”ហើយ
ពេលថ្មីៗកន្លងទៅនេះ លោក Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ចេញមតិបង្ករហេតុដែលថា “ប្រសិនបើចិនដីគោកចាត់បញ្ជូននាវាចម្បាំងនិងប្រើប្រាស់កម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់ នោះប្រហែលនឹងបង្កជាវិបត្តិស្លាប់រស់ នោះ ជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព” ដែលនិយាយបញ្ឆិតបញ្ឆៀងថា ជប៉ុនប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ។ ពាក្យសម្តីដ៏ខុសឆ្គងដែលល្មើសនឹងស្មារតីនៃឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុនមិនត្រឹមតែនាំឱ្យភាគីចិនតវ៉ាយ៉ាងម៉ឹងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសជប៉ុនផងដែរ ។
សំដៅចំពោះពាក្យសម្តីខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ ឥស្សរជនមានការយល់ដឹងខ្ពស់ជប៉ុន បាននាំគ្នាបញ្ចេញការព្រមាន ។ លោក Takakage Fujita ប្រធានក្រុមប្រឹក្សានៃសមាគមបន្តវេននិងអភិវឌ្ឍសុន្ទរកថារបស់លោក Tomiichi Murayama របស់ជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ជា “ពាក្យសម្តីខុសឆ្គងយ៉ាងខ្លាំងនិងមិនទទួលខុសត្រូវដែលមិនធា្លប់មានក្នុងប្រវត្តិសាស្ត្រជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ” ។ ជប៉ុនចង់ចាត់បញ្ជូនកងកម្លាំងស្វ័យការពារដោយយកលេសថា “តំបន់តៃវ៉ាន់មានរឿង” គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងការបង្កសង្គ្រាមយ៉ាងកម្រោល ហើយក៏ជាការជាន់ឈ្លីដោយបើកចំហចំពោះស្មារតីនៃ “សុន្ទរកថារបស់លោក Tomiichi Murayama ”ដែរ ។
កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៥ ក្នុងឱកាសខួបទី៥០ឆ្នាំនៃការការចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន លោក Tomiichi Murayama ដែលជានាយករដ្ឋមន្ត្រីជប៉ុនកាលនោះបានថ្លែងសុន្ទរកថា ជាផ្លូវការអំពីបញ្ហាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់និងពិចារណាកំហុសប្រវត្តិសាស្ត្រ សង្គ្រាមឈ្លានពាននិងការគ្រប់គ្រងអាណានិគម និយមរបស់ជប៉ុន ហើយសុំអភ័យទោស ចំពោះប្រទេសរងគ្រោះ ៕
