ព័ត៌មានជាតិ

លោក ស សុខា ៖ មួយរយៈនេះ ការបោកប្រាស់ ឱ្យផ្ទេរប្រាក់ តាមធនាគារទៅជនឆបោក មានជាង៨០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ រូបភាពការបោកប្រាស់តាមរយៈការផ្ទេរប្រាក់ពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើសមាន ជាង៨០ម៉ឺនដុល្លារ។

ចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជាកិច្ចការចាំបាច់ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ។

ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ លើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ។ បើតាមអភិសន្តិបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាម៉េរិក ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើស។

ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដង ដែលលោកបានណែនាំឱ្យអង្គភាពជំនាញ រៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ។ តាមរយៈយន្តការនេះ លោកបានអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើសជាដើម។

រដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា រូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ ដូចជាការបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូចបានទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះដោយបន្លំថា ទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន ករណីខ្លះទៀត ជនខិលខូច បានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជនជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយ ក៏បិទផ្ដាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើស បានបន្លំលួចចូលគណនី ធនាគាររបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាព ដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម៕

To Top