ប្រធានចារកម្មអ៊ីរ៉ង់ ចោទអាមេរិក និងអ៊ីស្រាអែល រៀបចំផែនការធ្វើឃាត មេដឹកនាំរបស់ខ្លួន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ថា ប្រមុខស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និង អ៊ីស្រាអែលថា បានរៀបចំផែនការ សម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសអ៊ីរ៉ង់មានអស្ថិរភាព។
យោងតាមទីភ្នាក់ងារព័ត៌មាន រដ្ឋមន្ត្រីស៊ើបការណ៍ សម្ងាត់លោក Esmail Khatib បាននិយាយកាលពីថ្ងៃសៅរ៍ថា ៖ សត្រូវស្វែងរកគោលដៅ លើមេដឹកនាំកំពូល ជួនកាលជាមួយនឹងការប៉ុនប៉ងធ្វើឃាត ជួនកាលជាមួយនឹងការវាយប្រហារ ដោយអរិភាពហើយសំដៅអ្នករៀបចំផែនការ ទាំងនោះគឺទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
យ៉ាងណាក្តីនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើអ៊ីរ៉ង់កំពុង និយាយសំដៅទៅលើផែនការ ជាក់លាក់មួយឬយ៉ាងណា។ ការអះអាងជាសាធារណៈអំពីការគំរាមកំហែង ដល់អាយុជីវិតរបស់លោក Khamenei គឺកម្រមាននៅមុនសង្រ្គាម ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងខែមិថុនាមកម្ល៉េះ។
គួរឲ្យដឹងដែរថា ការវាយប្រហារ របស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់ មុនពេលមានបទឈប់បាញ់ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ខែមិថុនា៕
ប្រែសម្រួល៖ស៊ុនលី
