ព័ត៌មានជាតិ

ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតងលើកទីពីរ

ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួង អប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួត ​ប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិត ខំប្រឹងប្រែង របស់ក្រសួងក្នុងការធ្វើឱ្យ ប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្សចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសាលារៀនរបស់ពួកគេឱ្យស្អាត។

ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលានៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងឆ្នាំ២០២៦ លើកទីមួយនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស។

 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាគណៈអធិបតីក្នុងសិក្ខាសាលាលើកដំបូងដែលបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិត ១០០០ នាក់មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ១២ ដែលចូលរួមការប្រកួតប្រជែងដែលជាថ្ងៃចាប់ផ្តើមផ្លូវការនៃការប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតងសម្រាប់ឆ្នាំថ្មី២០២៦ ។

 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ និងណាហ្គាវើលដ៍បេះដូងសប្បុរសសម្រាប់ការប្តេជ្ញាចិត្ត បន្តបន្ទាប់ជួយលើកកម្ពស់វិស័យអប់រំ សុខភាព និងសុខុមាលភាពរបស់សហគមន៍។ ការឧបត្ថម្ភគាំទ្ររបស់ពួកគេរាប់ចាប់ពីការឧបត្ថម្ភសម្ភារសិក្សា ការលើកកម្ពស់ការអាន និងអក្ខរកម្មឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការផ្តល់អាហារូបករណ៍ជាដើម បានបង្កើតឥទ្ធិពលយ៉ាងវិជ្ជមានក្នុងសង្គម ។ ខ្ញុំជឿជាក់ថា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀតដែលនឹងជួយបង្កើនចំណេះដឹង ជំនាញ ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងចំណោមសិស្សានុសិស្សរបស់យើង”។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំពិធីដាំកូនឈើជានិមិត្តរូបនៅក្នុងទីធ្លាសាលារៀនដើម្បីសម្ពោធសួនច្បារថ្មីរបស់វិទ្យាល័យ

បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យ កាលពីឆ្នាំមុន កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងលើកទីពីរនេះ នឹងពង្រីកពី ៦៧ ទៅ ៧៩ សាលារៀន ដោយមានបន្ថែមសាលារៀនថ្មីៗក្នុងខេត្តកំពង់ចាម។ វិសាលភាពកាន់តែធំនេះ មានគោលបំណងផ្តល់ដល់សាលារៀន និងសិស្សានុសិស្សច្រើនជាងមុន ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ជាក់ស្តែងក្នុងការអនុវត្តប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ផងដែរថា “កម្មវិធីសាលារៀនស្អាត និង បរិស្ថានបៃតង មានអត្ថន័យលើសពីការប្រកួតប្រជែង ។ ការអប់រំ គឺជាឧបករណ៍ដ៏មាន ឥទ្ធិពលបំផុតមួយដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរ ។ តាមរយៈការលើកទឹកចិត្តយុវជន របស់យើង ឱ្យធ្វើសកម្មភាព ក្នុងពេលបច្ចុប្បន្ន មានន័យថា យើងបានចាក់គ្រឹះ ដើម្បីបង្កើតអនាគត កាន់តែភ្លឺស្វាង និងមាននិរន្តរភាពសម្រាប់គ្រប់គ្នា”។

គួរកត់ចំណាំថា នៅក្នុងខែវិច្ឆិកា និង ខែធ្នូក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងរៀបចំសិក្ខាសាលា នៅតាមសាលារៀន ដែលបានចូលរួម ការប្រកួតប្រជែង ដើម្បីបំពាក់ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនូវចំណេះដឹង ស្តីពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ និងណែនាំពួកគេអំពីដំណើរការ នៃការវាយតម្លៃ និងដាក់ពិន្ទុប្រចាំខែ។ ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស នឹងទៅត្រួតពិនិត្យ សាលារៀនទាំង ៧៩ រៀងរាល់ខែ ដើម្បីវាយតម្លៃអំពីវឌ្ឍនភាពរបស់ពួកគេ និងផ្តល់មតិត្រឡប់ដើម្បីឱ្យសាលារៀន ទាំងនោះកាន់តែស្អាត និងបៃតង។ ដៃគូសហការនៃកម្មវិធីនេះ គឺក្រុមហ៊ុន ហ្គោមិ រីសាយខល នឹងគ្រប់គ្រងការប្រមូលសំណល់ និងកែច្នៃសំណល់ប្លាស្ទិកធ្វើជារបស់ប្រើប្រាស់ឡើងវិញ។

សិក្ខាសាលា រួមបញ្ចូលសកម្មភាពជាច្រើនដើម្បីឱ្យសិស្សានុសិស្សយល់ដឹងអំពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។

គួរបញ្ជាក់ថា កម្មវិធីសាលារៀនស្អាត និង បរិស្ថានបៃតង បានកើតឡើងពីគំនិតដ៏សាមញ្ញមួយ គឺនៅពេលក្មេងៗត្រូវបាន លើកស្ទួយ នោះសហគមន៍ នឹង មានការផ្លាស់ប្តូរ ។ នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត បន្តបន្ទាប់របស់ណាហ្គាវើលដ៍ ក្នុងការការពារបរិស្ថាន និងគាំទ្រដល់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល៕

To Top