ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់អាទិភាពកាន់តែខ្ពស់ ដល់ការអភិវឌ្ឍវិស័យឯកជន

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្វាគមន៍លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ទើបត្រូវបានតែងតាំងថ្មី និង បានពិភាក្សាកិច្ចសហប្រតិបត្តិការ ដោយស្នើឱ្យធនាគារផ្តល់អាទិភាព កាន់តែខ្ពស់ដល់ការអភិវឌ្ឍ វិស័យឯកជន។

លោករដ្ឋមន្ដ្រី បានអបអរ ចំពោះតួនាទីថ្មីរបស់លោកស្រី Yasmin និងបានបញ្ជាក់ថា ក្រសួងត្រៀមបន្តសហការ ជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោករដ្ឋមន្ដ្រី បានលើកឡើងពីភាពជាដៃគូដ៏រឹងមាំរវាង ADB ជាមួយក្រសួង ព្រមទាំងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ ក្នុងដំណើរអភិវឌ្ឍន៍ របស់កម្ពុជា រួមទាំងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ។

លោករដ្ឋមន្ត្រី បានជម្រាប ជូនអំពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ឆ្ពោះទៅការចាកចេញពីឋានៈ ជាប្រទេសដែលមាន ការអភិវឌ្ឍតិចតួច និងភាពចាំបាច់ នៃការត្រៀមលក្ខណៈរបស់សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីប្រឈមកំណើននៃការប្រកួតប្រជែង និងបរិវត្តកម្មបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីតួនាទីសំខាន់របស់ ADB ក្នុងការគាំទ្រគំនិតផ្តួចផ្តើមកែទម្រង់វិស័យទឹកស្អាត និងបរិវត្តកម្មឧស្សាហកម្មផងដែរ។

លោកស្រី Siddiqi បានវាយតម្លៃខ្ពស់ចំពោះសន្ទុះ នៃការអភិវឌ្ឍរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងរាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ។

លោកស្រី ក៏បានជម្រាបជូនថា ក្រុមប្រឹក្សាភិបាល របស់ ADB គ្រោងនឹងអនុម័តកញ្ចប់ហិរញ្ញប្បទាន វិស័យទឹកស្អាតក្នុងសប្តាហ៍នេះ ដែលសបញ្ជាក់ ពីការបន្តកិច្ចសហការរឹងមាំ ក្រោមកម្មវិធីភាពជាដៃគូ ប្រចាំប្រទេសថ្មីរបស់ខ្លួន។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសម្របសម្រួល និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកៀរគរហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងផ្តល់ឱកាសហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍវិស័យ ឯកជននៅកម្ពុជា៕

To Top