ព័ត៌មានជាតិ

សម្តេចធិបតី៖ ការវាស់វែងនិង បោះបង្គោលព្រំដែន បណ្តោះអាសន្ន មិនមែនជាការចំណេញ ឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបង គឺកំណត់ខ័ណ្ឌសីមាដី ជាក់ស្តែង​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះមិនមែន ដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបង គឺដើម្បីកំណត់ នូវការខ័ណ្ឌសីមា ​នៅលើដីជាក់ស្តែង​ ។

នៅលើបណ្តាញសង្គម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់ នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន រវាងឥណ្ឌូចិន-សៀម។

ក្នុងនោះ សម្តេចធិបតី បានចោទជាសំណួរថា តើការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជា ខាតដីឬចំណេញដី? ពាក់ព័ន្ធនឹងសំណួរនេះ ត្រូវបានសម្តេចធិបតី សង្កេតឃើញថា មានការជជែកគ្នាជាច្រើន នៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែង​ និងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ” ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្នខាងលើនេះមិនមែន ដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់ នូវការខ័ណ្ឌសីមា​នៅលើដីជាក់ស្តែង​ ដែលបញ្ជាក់អំពីខ្សែព្រំដែនមួយ ដែលត្រឹមត្រូវនិងច្បាស់លាស់​ រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាន នៃឯកសារគតិយុត្ត​ ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ” ។

បន្ថែមលើនេះ សម្តេចធិបតី អះអាងថា កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ មិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដី របស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រម ឱ្យមានការរំលោភបំពាន លើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា រយៈពេលវែង ដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ព្រំដែ នដែលមានបញ្ហាអាច បានទទួលសេចក្តីសុខ និងបន្តជីវភាពរស់ នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាត នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ទទ្ទឹមនឹងនេះ ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែង របស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរ អាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក។

ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានឱ្យបងប្អូនជនរួមជាតិទាំងអស់ មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់ នូវមនសិការវិជ្ជាជីវៈនិង ការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top