ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការវាស់វែងនិងបោះបង្គោល ព្រំដែន បណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ និង លេខ៥២-៥៩ មិនមែនជាការងារថ្មី ទាំងស្រុងនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ និង លេខ៥២-៥៩ មិនមែនជាការងារ ដែលចាប់ផ្ដើមថ្មី ទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារ បច្ចេកទេសដែលបន្តពីអ្វី ដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេសទាំងពីរបាន រួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ ។

នៅលើបណ្តាញសង្គម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរ​ អាចរស់នៅជាមួយគ្នា តាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។

សម្តេចធិបតី ក៏បានបញ្ជាក់ថា សម្តេចធ្លាប់បានបញ្ជាក់ជូន បងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើង នៅភូមិជោគជ័យ និងព្រៃចាន់ អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហា អោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

សម្តេចនាយករដ្ឋមន្ត្រី ជឿជាក់ថា ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបាន តាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ រវាងប្រទេសទាំងពីរកម្ពុជា និងថៃ ទើបធានាបាននូវលទ្ធផល ដូចចង់បានខាងលើ។

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នា រវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះ ចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន​ចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

ជាមួយគ្នានេះ សម្តេចធិបតី បានសង្កេតឃើញនៅតាមបណ្ដាញសង្គម មានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែង និងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។

ទាក់ទិននិងមតិដែលលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? ត្រូវបានសម្តេចធិបតី អះអាងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនខាងលើ មិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វី ដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ជូន បងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ​ បានចាប់ផ្តើមចុះអនុវត្តការងារ នៅលើដីជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែន រវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា កិច្ចការដែលក្រុមវាស់វែងចម្រុះ បានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរ បានត្រឹមតែចុះអនុវត្តការងារ ស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារ ខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ ។

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ គឺជាការបន្តអនុវត្តការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈ នៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតី នៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top