អត្រាទីផ្សារការងារ ធ្វើសម្រាប់ពលរដ្ឋថៃ ធ្លាក់ចុះក្នុងត្រីមាសទី៣ ជាពិសេសវិស័យកសិកម្ម
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ ទិន្នន័យផ្លូវការកាលពីថ្ងៃចន្ទ បានបង្ហាញថា ទីផ្សារការងាររបស់ប្រទេសថៃ បានធ្លាក់ចុះបន្តិចក្នុងត្រីមាសទី៣ឆ្នាំ២០២៥ ដែលកត្តាសំខាន់ក្នុងនោះគឺ ដោយសារទឹកជំនន់រីករាលដាលនៅ ទូទាំងប្រទេសនេះ ដែលបានរារាំងការងារ ជាច្រើនជាពិសេសក្នុងវិស័យកសិកម្ម។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានឱ្យដឹងថា កម្លាំងពលកម្មរបស់ប្រទេសអាស៊ី អាគ្នេយ៍នេះបានធ្លាក់ចុះប្រមាណជា០,៥ ភាគរយធៀបទៅនឹងឆ្នាំចាស់មកត្រឹម៣៩,៩ លាននាក់ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា ធៀបនឹងការកើនឡើង០,០២ ភាគរយនៅក្នុងត្រីមាសមុន។
ការងារនៅតាមកសិដ្ឋានបានធ្លាក់ចុះ២,៩ភាគរយ ដែលនេះជាការធ្លាក់ចុះត្រីមាសទី៧ជាប់ៗគ្នា។ ទីភ្នាក់ងារផែនការរដ្ឋបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះ វិស័យមិនមែនកសិកម្ម បានកើនឡើង០,៦ភាគរយ ដែលជំរុញដោយវិស័យដឹកជញ្ជូន និងការផ្ទុក និងវិស័យផលិតកម្ម។
លោក Onfa Vejjajiva អគ្គលេខាធិការ របស់ NESCD បាននិយាយថា អត្រាអ្នកអត់ការងារធ្វើសរុប របស់ព្រះរាជាណាចក្រមាន ០,៧៦ ភាគរយ ដែលតំណាងឱ្យអ្នកអត់ ការងារធ្វើប្រហែល ៣១ ម៉ឺននាក់។
លោកOnfa បានប្រាប់សន្និសីទសារព័ត៌មានមួយថា អត្រាគ្មានការងារ ធ្វើនៅក្នុងប្រព័ន្ធសន្តិសុខ សង្គមបានកើនឡើង១,៩ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួនកម្មករនិយោជិត គ្មានការងារធ្វើបានកើនឡើង ៨,៧ភាគរយ ដែលជំរុញដោយការពង្រីកកម្លាំង ការងារក្នុងវិស័យកសិកម្ម៕
ប្រែសម្រួល៖ស៊ុនលី
