ព័ត៌មានជាតិ

ក្រុមការងារនឹងរំកិលធ្នឹមស្ពាន នៃគម្រោងស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា , អ្នកដំណើរត្រូវរកផ្លូវវាង

ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួង នៅថ្ងៃ២៥ វិច្ឆិកានេះបានឲ្យដឹងថា ក្រសួងសាធារណការ បាននិងកំពុង អនុវត្តគម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល ។ ដើម្បី សុវត្ថិភាពក្នុងអំឡុងពេល នៃការអនុវត្តរំកិលផ្ទឹមស្ពាន ចំណុចខាងលើនេះ នឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។
ដូចនេះ ដើម្បីសម្រួល ដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាព អ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់ការ ដ្ឋានសាងសង់ ក្រសួងអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ៕

To Top