កងទ័ពជើងទឹកភូមិន្ទថៃ បញ្ជូននាវាចម្បាំង មួយគ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំង នៅភាគខាងត្បូងប្រទេស
បរទេស: កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង គឺនាវាចម្បាំង HTMS Chakri Naruebet និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីចល័តកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំងនៅភាគខាងត្បូង ប្រទេស។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បានបង្ហាញថា កងទ័ពជើងទឹកភូមិន្ទថៃបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយ យន្តហោះ និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់សាធារណជន នៅតំបន់ភាគខាងត្បូង ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។
នាវាចម្បាំង HTMS Chakri Naruebet មានសមត្ថភាពបម្រើជាមូលដ្ឋាន ទ័ពអាកាសអណ្តែតទឹកសម្រាប់ប្រតិបត្តិការឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ហើយវាក៏អាចដំណើរ ការជាផ្ទះបាយអណ្តែតទឹក ដែលអាចផលិតអាហារឆ្អិនប្រហែល ៣០០០ ឈុតក្នុងមួយថ្ងៃដើម្បីគាំទ្រ ដល់ការដឹកជញ្ជូន តាមផ្លូវអាកាសទៅកាន់តំបន់រងគ្រោះផងដែរ។
លើសពីនេះ ក្រុមគ្រូពេទ្យមួយក្រុមត្រូវ បានរៀបចំឲ្យធ្វើដំណើរ ជាមួយនាវានេះ ដើម្បីបម្រើជាមន្ទីរពេទ្យអណ្តែតទឹកនៅពេលចាំបាច់ ។ កងទ័ពជើងទឹកថៃក៏បានរៀបចំដាក់ពង្រាយនាវាចម្បាំង HTMS Chang និង HTMS Ang Thong ជាជំនួយលើកទីពីរប្រសិនបើត្រូវការកម្លាំងបន្ថែម។
លើសពីនេះ ដោយសារតែការផ្តល់ជំនួយដល់សាធារណជន គឺជាបញ្ហាបន្ទាន់ខ្លាំង កងទ័ពជើងទឹកថៃបានបញ្ជូនអង្គភាពប្រតិបត្តិការពិសេសមួយ រួមជាមួយទូកកៅស៊ូចំនួន ១៤ គ្រឿង និងបុគ្គលិកមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក (NSWC) ដើម្បីជួយប្រជាជនដែលជាប់គាំង នៅក្នុងតំបន់ដែលមានចរន្តទឹកខ្លាំង។ ពួកគេទាំងអស់គ្នានឹងធ្វើដំណើរតាមយន្តហោះដឹកជញ្ជូន កងទ័ពអាកាសថៃ នៅថ្ងៃនេះផងដែរ។
កងទ័ពជើងទឹកភូមិន្ទថៃ នឹងបន្តអនុវត្ត បេសកកម្មរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ក្នុងអំឡុងពេលវិបត្តិនេះ ដែលប្រជាជនកំពុងរងទុក្ខវេទនា ហើយនឹងឈរនៅខាងប្រជាជន រហូតដល់ស្ថានភាពត្រូវបានដោះស្រាយ។
ប្រែសម្រួល: ណៃ តុលា
