ប្រធានាធិបតីចិន និង ប្រធានាធិបតីអាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ អំពីបញ្ហា របស់កោះតៃវ៉ាន់
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដោយប្រកាសថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិនគឺជា “ផ្នែកនៃសណ្តាប់ធ្នាប់ពិភពលោក” បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានដកស្រង់ សម្តីប្រធានាធិបតី ស៊ី ជិនពីង បាននិយាយនៅក្នុងកិច្ច សន្ទនាតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកាថា “ប្រទេសចិន និងសហរដ្ឋអាមេរិក បានប្រយុទ្ធគ្នាប្រឆាំង នឹងហ្វាស៊ីសនិយម និងយោធានិយម។ ឥឡូវនេះ ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីការពារសមិទ្ធផល នៃសង្គ្រាមលោកលើកទីពីរ” ។
លោក ស៊ី បានបញ្ជាក់ពីគោលជំហរ ជាគោលការណ៍របស់ចិន ចំពោះបញ្ហាកោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់កោះនេះ ទៅប្រទេសចិន គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ បាននៃសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាម។
ប្រធានាធិបតីចិនក៏បានអំពាវនាវ ឱ្យប្រទេសទាំងពីរ “រក្សាសន្ទុះនៃការអភិវឌ្ឍន៍ទំនាក់ទំនង” បន្ទាប់ពីជំនួបរបស់គាត់ ជាមួយប្រធានាធិបតីអាមេរិក ដូណាល ត្រាំ កាលពីខែមុននៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលមេដឹកនាំទាំងពីរព្យាយាមបន្ធូរបន្ថយ សង្គ្រាមពាណិជ្ជកម្មដ៏តានតឹង។
លោក ស៊ី បាននិយាយថា កិច្ចប្រជុំប្រកបដោយជោគជ័យក្នុងប្រទេសកូរ៉េខាងត្បូង “បានជួយតម្រង់ទិសដៅឡើងវិញ និងបញ្ចូលសន្ទុះបន្ថែមទៀតទៅក្នុងកប៉ាល់យក្ស នៃទំនាក់ទំនងចិន-អាមេរិក” ។ លោកបាននិយាយថា “ចាប់តាំងពីកិច្ចប្រជុំនេះ ទំនាក់ទំនងទ្វេភាគី នៅតែមានស្ថិរភាព និងបន្តប្រសើរឡើង ដែលទទួលបានការ វាយតម្លៃខ្ពស់ពីភាគីទាំងពីរ និង សហគមន៍អន្តរជាតិ”៕
ប្រែសម្រួលៈ ណៃ តុលា
