ក្រសួងសុខាភិបាល និងWFP រួមគ្នាបន្តពង្រីកប្រតិបត្តិការ លើកកម្ពស់ប្រព័ន្ធអាហារូបត្ថម្ភ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអង្គការកម្មវិធីស្បៀង អាហារពិភពលោក (WFP) បន្តពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ បច្ចេកទេស លើកកម្ពស់ប្រព័ន្ធអាហារូបត្ថម្ភ និង ទប់ស្កាត់ជំងឺមិនឆ្លងនានា ។

ដើម្បីពិនិត្យមើលលទ្ធភាព បន្ថែមដែលអង្គការ WFP អាចពង្រីកការចូលរួមចំណែក អភិវឌ្ឍវិស័យអាទិភាព របស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លង ដែលទាក់ទងនឹងរបបអាហារ ។

ក្នុងឱកាសអនុញ្ញាតគណៈប្រតិភូ អង្គការកម្មវិធីស្បៀង អាហារពិភពលោក (WFP) ដឹកនាំដោយ អ្នកស្រី Kyung-nan Park អគ្គនាយកប្រតិបត្តិអង្គការ (World Food Programme WFP) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្ដល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល និងបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលកន្លងមក។ ការចូលរួមរបស់ WFP បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សុខភាពសាធារណៈ និងការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលជាតិ កាន់តែប្រសើរឡើង។

អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអបអរសាទរ ចំពោះការប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (HSP4) និងបានកោតសរសើរ ចំពោះចក្ខុវិស័យថ្មី របស់ក្រសួង សុខាភិបាល ដែលផ្តោតលើការការពារ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លង។

អង្គប្រជុំបានពិភាក្សាលើអាទិភាព មួយចំនួនរួមមាន ៖ ការកែលម្អគោលការណ៍ណែនាំស្តីពី ជំងឺកង្វះអាហារូបត្ថម្ភស្រួចស្រាវ , អាហារូបត្ថម្ភសម្រាប់កុមារ វ័យសិក្សា ដោយបន្តគាំទ្រក្រសួងអប់រំ យុវជន និងកីឡា និងការចូលរួមទូលំទូលាយលើការផ្សព្វផ្សាយអាហារមានសុខភាពល្អ ។

ក្នុងនាមក្រសួងសុខាភិបាល សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ សកម្មភាពរបស់អង្គការ WFP ក្នុងការកំណត់ទិសដៅ និងផែនការអាទិភាពសំខាន់ៗមួយចំនួនលើការអភិវឌ្ឍកម្មវិធីអាហារូបត្ថម្ភ ការអប់រំសុខភាព និងការកែលម្អធនធានមនុស្ស។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គការ WFP បន្តពង្រឹងបណ្តុះបណ្តាល កម្លាំងពលកម្ម និងបន្តរួមចំណែកក្នុងការគាំទ្រ ផែនការយុទ្ធសាស្ត្រអាហារូបត្ថម្ភជាតិ និងការការពារជំងឺមិនឆ្លង នៅកម្ពុជា ៕





