បុគ្គល ធីម សុគន្ធ យកដីក្រុមហ៊ុនជាង៤ ពាន់ហិកតា ពុះឡូតិ៍លក់ ពុំមែនជាមន្រ្តីយោធា នៅយោធភូមិភាគទី៥ទេ
ភ្នំពេញ ៖ យោធភូមិភាគទី៥ បានធ្វើការបដិសេធថា លោក ធីម សុគន្ធ ដែលបានកាងយកដីក្រុមហ៊ុន ជាច្រើនហិកតា យកពុះឡួតិ៍លក់ គឺពុំមែនជាមន្រ្តីយោធា យោធភូមិភាគទី៥ទេ ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានការចុះផ្សាយថា “លោក ធីម សុគន្ធ មន្រ្តីយោធភូមិភាគទី៥ អាងអំណាចយកដីក្រុមហ៊ុនជាង៤ពាន់ហិកតា អង្កន់ពុំលក់គ្មានសល់” ។
យោងតាមសេចក្តីប្រកាសព័ត៌មាន យោធភូមិភាគទី៥ នៅថ្ងៃ២៥ វិច្ឆិកានេះបានឲ្យដឹង មានគណនីហ្វេសប៊ុក (Facebook Account) និងទំព័រគណនីហ្វេសប៊ុកមួយចំនួន បានធ្វើការបង្ហោះផ្សព្វផ្សាយ នូវព័ត៌មានមិនពិត និងចែកចាយ បន្តដោយគ្មានប្រភពច្បាស់លាស់ អំពីបុគ្គលឈ្មោះ ធីម សុគន្ធ អះអាងថាជាមន្ត្រីយោធា នៅយោធភូមិភាគទី៥ ។
យោធភូមិភាគទី៥ ក៏បានទទួលស្គាល់ថា លោក ធីម សុគន្ធ ពិតជាធ្លាប់បម្រើការ នៅយោធភូមិភាគទី៥ ពិតប្រាកដមែន ប៉ុន្តែបុគ្គលខាងលើ បានធ្វើការផ្លាស់ប្តូរអង្គភាព ទៅក្រសួងការពារជាតិ ចាប់ តាំងពីខែមេសា ឆ្នាំ២០១៩ មកម្លេះ ។
ជាមួយនឹងការចេញផ្សាយអំពីបុគ្គលនេះ យោធភូមិភាគទី៥ ច្រានចោល ចំពោះការបំភ្លៃព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់សាធារណជន អ្នកសារព័ត៌មាន និងបុគ្គល ដែលមានការពាក់ព័ន្ធ ដែលបានបង្ហោះផ្សព្វផ្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់យោធ-ភូមិភាគទី៥ ៕
