មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា នៅខេត្តតាកែវ
តាកែវ ៖ មហាជន មកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅខេត្តតាកែវ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ាត សីលា រដ្ឋលេខាធិការ តំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ថ្លែងទៅកាន់អង្គពិធី លោក អ៊ាត សីលា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទិវានាថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីជួបជុំ ដើម្បីនាំគ្នាសម្អាតអនាម័យ បរិស្ថានតែមួយថ្ងៃ ហើយបញ្ចប់ទៅនោះឡើយ ប៉ុន្តែគឺជាទិវាជួបជុំមួយដែលអាចចាត់ទុកបានថា ជាការកំណត់នូវប្រវត្តិសាស្រ្តរួមគ្នាថ្មីមួយទៀត ដោយធ្វើការរំលឹក និងពង្រឹងស្មារតី របស់យើងទាំងអស់គ្នា អំពីតួនាទីដ៏សំខាន់របស់បរិស្ថានស្អាត ក្នុងការកសាងសង្គមកម្ពុជា ជាសង្គមមួយ មានសុខភាពល្អ មានសេចក្តីថ្លៃថ្នូរ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោក រដ្ឋលេខាធិការ បន្ដថា បច្ចុប្បន្ន កំពុងឈានមួយជំហានទៀត គឺការបង្កើតបទដ្ឋានសង្គមមួយថ្មីទៀត គឺការប្រែក្លាយផ្ទះមួយ ភូមិមួយ ឃុំមួយ ខេត្តមួយ ឱ្យទៅជាតំបន់ស្អាត គ្មានសំរាមរាយប៉ាយតាមដងផ្លូវ និងគ្មានសំណល់ប្លាស្ទិក។

លោក រដ្ឋលេខាធិការ បន្ថែមថា ដើម្បីធានាបាននូវគុណភាព បរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់ដែលអាចកែច្នៃបាន(អេតចាយ) សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និង សំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់ នៅតាមទីលានទុកដាក់សំរាម ៕
