ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ផ្តាំទូតអ៊ីស្រាអែល បន្តយកចិត្តទុកដាក់លើសុវត្ថិភាព និស្សិតកសិកម្មកម្ពុជា

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានផ្តាំផ្ញើទៅទូតអ៊ីស្រាអែល ឲ្យបន្តយកចិត្តទុកដាក់ លើសុខសុវត្ថិភាព របស់ក្រុមនិស្សិតកម្ពុជា ដែលកំពុងបំពេញកម្មសិក្សា ផ្នែកកសិកម្មនៅទីនោះ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឌិត ទីណា បានផ្ដាំផ្ញើទៅភាគីអ៊ីស្រាអែល បន្តយកចិត្តទុកដាក់សុខសុវត្ថិភាព របស់និស្សិតកសិកម្មកម្ពុជា ដែលកំពុងបំពេញកម្មសិក្សានៅឯអ៊ីស្រាអែល ។

ក្រៅពីការផ្តាំផ្ញើបែបនេះហើយ រដ្ឋមន្រ្តីក៏បានថ្លែងពីការសង្កត់ធ្ងន់ផងដែរ ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តដល់ភាគី អ៊ីស្រាអែលពិនិត្យលទ្ធភាព នៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជា ក្នុងការចូលរួមកម្មវិធីហាត់ការ នៅអ៊ីស្រាអែល ប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។

រដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាព នៃការពង្រឹងកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអ៊ីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្ម និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម នៅពេលអនាគត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមករវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក កម្ពុជាបានបញ្ជូននិស្សិត ជាច្រើនពាន់នាក់ទៅសិក្សាជំនាញ កសិកម្មនៅប្រទេសអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។ និស្សិតកម្ពុជា ដែលបានទៅសិក្សានៅ អ៊ីស្រាអែល ភាគច្រើនត្រូវបានបណ្ដុះបណ្ដាល ចំណេះដឹងបច្ចេកទេសកសិកម្ម ទាំងទ្រឹស្ដី និងការអនុវត្ត ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល ហើយពួកគាត់ក៏បានយកបទពិសោធន៍ដ៏មានតម្លៃ និងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យកសិកម្មរបស់កម្ពុជា ។

សូមរំលឹកថា បច្ចុប្បន្នសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរបស់ប៉ាទ្បេស្ទីន កំពុងតែកើតមានឡើង ដោយមិនទាន់ថមថយចុះនោះទេ ។ ក្នុងនោះក្រុមហាម៉ាស បានចូលលុកលុយ សម្លាប់ជនជាតិអ៊ីស្រាអែល ជាច្រើនពាន់នាក់ ហើយអ៊ីស្រាអែលក៏បានវាយប្រហារ សងសឹកវិញផងដែរដោយ បានសម្លាប់ ជនជាតិប៉ាទ្បេស្ទីនជាបន្តបន្ទាប់៕

To Top