រដ្ឋមន្រ្តី ហេង សួរ ទទួលជួបឯកអគ្គរដ្ឋទូត អ៊ីស្រាអែលថ្មី ប្រចាំកម្ពុជា ពិភាក្សាអំពីការបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យការងារ ជាពិសេសការផ្លាស់ប្ដូរ កម្លាំងពលកម្ម ឱ្យកាន់តែល្អប្រសើរ និង ស៊ីជម្រៅបន្ថែមទៀត
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ លោករដ្ឋមន្រ្តី បានបង្ហាញនូវជំនឿជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្ម ការទូតរបស់លោកស្រី សម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវបានលើកកម្ពស់ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប លោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយ ដែលទទួលបានការចាត់តាំងឱ្យបំពេញ បេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញា ចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរក្នុងវិស័យការងារ ឱ្យកាន់តែរីកចម្រើន ។

បន្ថែមពីនេះ ភាគីទាំងពីរបានគូសបញ្ជាក់ ពីទំនាក់ទំនង ដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំង ពលកម្មឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណង អភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាព សេដ្ឋកិច្ចទៅវិញទៅមក៕




