សម្តេចតេជោ ៖ កម្ពុជា-អ៊ីស្រាអែល នឹងអាចពង្រីកប្រតិបត្តិការ ទៅកាន់វិស័យ មានសក្តានុពល
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងរដ្ឋអ៊ីស្រាអែល នឹងអាចពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅកាន់វិស័យ ដែលមានសក្តានុពលផ្សេងៗទៀត។

យោងតាមលិខិតថ្លែងអំណរគុណទៅលោក Amir Ohana ប្រធានសភា នៃរដ្ឋអ៊ីស្រាអែល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំពោះសារអបអរសាទរយ៉ាងកក់ក្តៅ របស់លោកក្នុងឱកាសខួបលើកទី៧២ នៃទិវាឯករាជ្យជាតិកម្ពុជា សម្តេចតេជោបង្ហាញ ក្តីសោមនស្សរីករាយដែលបានសង្កេតឃើញពីការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍រួម ដល់ប្រជាជនទាំងពីរ ដោយផ្អែកលើការជឿទុកចិត្ត ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។
សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ ប្រទេសទាំងពីរនឹងអាចពង្រីក កិច្ចសហប្រតិបត្តិការទៅកាន់វិស័យ ដែលមានសក្តានុពលផ្សេងទៀត ដើម្បីផលប្រយោជន៍បន្ថែមទៀត របស់ប្រទេសទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដើម្បីបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក៕
