ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ចុះ MOU ជាមួយអគ្គិសនីឡាវ ដើម្បីបង្កើនចំណងមិត្តភាព រវាងក្រុមហ៊ុនអគ្គិសនីរដ្ឋ របស់ប្រទេសទាំងពីរ

ភ្នំពេញ ៖ បន្ទាប់ពីបានទទួលការអនុញ្ញាតពី ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ អគ្គិសនីឡាវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបង្កើនចំណងមិត្តភាព រវាងក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសទាំងពីរ ដើម្បីពង្រីកបន្ថែម កិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានទំហំការងារដូចជា ៖

១. ការចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងស្ថាប័នទាំងពីរ សម្រាប់និយោជិត-យុវជនអគ្គិសនីកម្ពុជា ក៏ដូចជាសាស្ត្រាចារ្យពីវិទ្យាស្ថាន (IES) និងមជ្ឈមណ្ឌលបណ្តុះបណ្តាល (EDL-TC)។

២. ការប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ ពីវិស័យថាមពលអគ្គិសនី និងកំណត់បញ្ហាលក្ខខណ្ឌបច្ចេកទេសជារៀងរាល់មួយឆ្នាំម្តង។

៣. ការចូលរួមសកម្មភាពកីឡាជាលក្ខណៈមិត្តភាពរវាងស្ថាប័នទាំងពីរ និងដំណើរទស្សនកិច្ចសិក្សា។

៤. ធ្វើការរួមគ្នា ដើម្បីស្វែងរក និងទទួលយកនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដូចជា សហគមន៍អឺរ៉ុប ប្រទេសជប៉ុន និងប្រទេសកូរ៉េ (World Bank, ADB, JICA, AFD, EDCF) ក្នុងការបណ្តុះបណ្តាលជំនាញរវាងស្ថាប័នទាំងពីរ។

អនុស្សារណៈយោគយល់នេះ នឹងបើកផ្លូវឱ្យមានការចែករំលែកបទពិសោធន៍ និង ផ្តល់ឱកាសដល់និយោជិត ក៏ដូចជាយុវជនរបស់ក្រុមហ៊ុន អគ្គិសនីរដ្ឋទាំងពីរ ទទួលបានចំណេះដឹងថ្មីៗបន្ថែម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាជាដើម និងសកម្មភាពកីឡាជាលក្ខណៈមិត្តភាពផងដែរ។ លើសពីនេះ នឹងជួយជំរុញក្នុងការ រកជំនួយកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍រួមគ្នាបង្កើនសមត្ថភាពធនធានបច្ចេកវិទ្យាដល់ជំនាញ៕

To Top