ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ តាមរយៈវិធានការ ជាច្រើន របស់ក្រសួងការងារ អតីតពលកររាប់សែននាក់ មានការងារធ្វើ និងអំពាវនាវ ឱ្យអង្គការជាតិ អន្តរជាតិ សហការផ្ដល់ព័ត៌​មាន អតីតពលករ មិនទាន់មានការងារធ្វើ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ ជាច្រើន ដើម្បីជួយស្វែងរកការងារ ឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ដោយគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ បងប្អូនអតីតពលករជាង ៤០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ។

លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ចាប់តាំងពីបងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន រាប់ចាប់តាំងពីបងប្អូនមកដល់ច្រកទ្វារព្រំដែន ដោយបានផ្សព្វផ្សាយអំពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើ ឬក៏ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបន្ថែមថា នៅពេលបងប្អូនអតីតពលករ ត្រឡប់ដល់ស្រុកកំណើតរៀងៗខ្លួនហើយនោះ ក្រសួងការងារ ក៏បានរៀបចំវេទិកាការងារ និងពិព័រណ៍ការងារ ដោយបាននាំយកឱកាសការងារជូនដល់បងប្អូនអតីតពលករដល់ស្រុកកំណើតតែម្ដង ដែលមកដល់ពេលនេះ ក្រសួង បានរៀបចំនៅតាមបណ្ដាខេត្តនានា បានជិត ៦០០លើករួចមកហើយ។

អ្នកនាំពាក្យក្រសួងការងារ លើកឡើងថា តាមរយៈវិធានការទាំងនោះហើយ ទើបធ្វើឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជា ៤០ ទៅ ៤៥ម៉ឺននាក់ បានការងារធ្វើ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ ដោយក្នុងនោះតាមរយៈយន្ដការក្រសួងប្រមាណ ២៨ម៉ឺននាក់ និងរាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅក្រៅប្រព័ន្ធដូចជា នៅក្នុងសិប្បកម្ម ការដ្ឋានសំណង់ និងកសិដ្ឋាន ជាដើម។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវឱ្យអង្គការជាតិ អន្តរជាតិ សហការជួយផ្ដល់ព័ត៌មានអំពីអត្តសញ្ញាណបងប្អូនអតីតពលករ ដែលមិនទាន់មានការងារធ្វើ ដើម្បីអាចឱ្យក្រសួងជួយស្វែងរកការងារជូនពួកគាត់ ដែលនេះគឺជាការជួយប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីលើនេះទៀត អ្នកនាំពាក្យក្រសួងការងារ ក៏បានបន្តអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនអតីតពលករ ទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៩៧ ដើម្បីអាចឱ្យក្រសួងជួយស្វែងរកការងារជូន៕

To Top