បណ្តាក្រុមហ៊ុនជប៉ុន មិនមានបំណងចង់ ចាកចេញពីប្រទេស រុស្សីភ្លាមៗនោះទេ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រុមហ៊ុនជប៉ុន ភាគច្រើនដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី មិនមានគម្រោងចាក ចេញពីប្រទេសនេះទេ ទោះបីជាមានបញ្ហាប្រឈមទាក់ទង នឹងការដាក់ទណ្ឌកម្មក៏ដោយ។
ក្រុមហ៊ុនជាច្រើនរបស់អាមេរិក អឺរ៉ុប និងអាស៊ី បានកាត់បន្ថយ ឬចាកចេញពីទីផ្សាររុស្ស៊ី ដោយសារការដាក់ទណ្ឌកម្ម របស់លោកខាងលិចជាប់ទាក់ទងនឹងជម្លោះអ៊ុយក្រែនតាំងពីឆ្នាំ២០២២ ដោយលើកឡើងពីការព្រួយបារម្ភខាងកេរ្តិ៍ឈ្មោះ ឬការភ័យខ្លាច ចំពោះទណ្ឌកម្មបន្ទាប់បន្សំ។
ប្រទេសជប៉ុនបានអនុវត្ត តាមវិធានការទាំងនេះ ប៉ុន្តែបានរក្សាភាគហ៊ុន នៅក្នុងគម្រោងថាមពលសំខាន់ៗ។ ទិន្នន័យរបស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)បានបង្ហាញតែ៤ភាគរយ នៃក្រុមហ៊ុនជប៉ុន ដែលមានសាខារុស្ស៊ីបានដកខ្លួនទាំងស្រុង។
យោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា៧៦ភាគរយនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសរុស្ស៊ីគ្រោងនឹង រក្សាស្ថានភាពដដែល ក្នុងរយៈពេល ២ឆ្នាំខាងមុខ ពោលគឺកើនឡើងពី ៥៧ភាគរយនៅក្នុងឆ្នាំ២០២៤។
ចំណែកដែលគ្រោងនឹងកាត់បន្ថយ ផ្លាស់ប្តូរទីតាំង ឬដកបានធ្លាក់ចុះពី៣៧,៩ភាគរយកាលពីឆ្នាំមុនមក ១៨ភាគរយ។ JETRO ក៏បាននិយាយដែរថា ៖ និន្នាការនៃការថយចុះ និងការដកថយ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ បែរជាកំពុងស្ថិតនៅក្នុងភាពស្ងប់ស្ងាត់៕
ប្រែសម្រួល៖ស៊ុនលី
