ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍផែនការសន្តិភាព ដែលបានកែសម្រួលទៅជា “កិច្ចព្រមព្រៀងស៊ីជម្រៅ”

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ផែនការសន្តិភាព ដែលរៀបចំដោយអ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ អាចត្រូវ បានអភិវឌ្ឍទៅជា “កិច្ចព្រមព្រៀងស៊ីជម្រៅ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសុន្ទរកថាមួយ លោក ហ្សេឡិនស្គី បានាឲ្យដឹងថា លោកបានពិភាក្សាអំពីផែនការនេះ ជាមួយក្រុមចរចា របស់អ៊ុយក្រែន។ លោកបានលើកឡើងថា “គោលការណ៍នៅក្នុងឯកសារនេះ អាចត្រូវបានអភិវឌ្ឍ ទៅជាកិច្ចព្រមព្រៀងស៊ីជម្រៅ ហើយវាស្ថិតនៅក្នុងផលប្រយោជន៍រួម របស់យើង ដែលសន្តិសុខ គឺជាការពិត”។

លោកក៏បានសម្តែងក្តីសង្ឃឹម សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មជាមួយភាគីសហរដ្ឋអាមេរិក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

មុននេះបន្តិច លោក Andriy Yermak ប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា លោក ហ្សេឡិនស្គី ចង់ជួបជាមួយលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងរួមគ្នា លើលក្ខខណ្ឌសម្រាប់ការបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។

លោក Yermak បានលើកឡើងថា អ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានឈាន ដល់កិច្ចព្រមព្រៀង ជាគោលការណ៍លើទិដ្ឋភាព ភាគច្រើននៃផែនការសន្តិភាព ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ឯកសារនេះត្រូវបានកែប្រែយ៉ាងខ្លាំងពីសំណើដើមចំនួន ២៨ ចំណុចរបស់សហរដ្ឋអាមេរិក ។ ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេឡិនស្គី សង្ឃឹមថានឹងចរចាបញ្ហាទឹកដី ដោយផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top