ក្រុងប៉ៃលិន ខេត្តប៉ៃលិន សម្រេចបានជោគជ័យថ្មីមួយទៀត នៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺទីក្រុងទី៩ ជាជ័យលាភីមួយ ដែលមានការទទួលស្គាល់ ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង ស្រុក ខណ្ឌណា ដែលបានអនុវត្តបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អប្រសើរ ហើយជ័យលាភីនេះ ក៏មានការទទួលស្គាល់ ដោយបណ្តាញ ទីក្រុងគ្មានផ្សែងបារី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំ ជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោក ផងដែរ។

ក្នុងពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួង សុខាភិបាល, លោក ហែម ដារិទ្ធ អភិបាលរង តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករទេសចរណ៍, ប្អូនៗយុវជន ស.ស.យ.ក., យុវជនកាកបាទក្រហមកម្ពុជា, គ្រប់ផ្នែក គ្រប់ថ្នាក់នៅលើទឹកដីនៃខេត្តប៉ៃលិន ប្រមាណ ៥០០ នាក់។

ថ្លែងក្នុងឱកាសនៃពិធីនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ រួមជាមួយអតីតអភិបាល ខេត្តប៉ៃលិន គ្រប់ជំនាន់, ក៏ដូចជាក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់, ជាមួយនឹងសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ខេត្តប៉ៃលិន មានការរីកចម្រើន និង ផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់, ដោយខេត្តប៉ៃលិន បានខិតខំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងស្រស់ស្អាត, ការតុបតែងលម្អទីក្រុង និងការបន្ថែមនូវខ្សែក្រវាត់ពណ៌បៃតង ក្នុងទីក្រុង ប្រកបដោយសោភណភាព ស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ដក្នុងខេត្តប៉ៃលិនឱ្យកាន់តែច្រើនឡើងៗ សំដៅចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត បានកាន់តែប្រសើរឡើង។

លើសពីនេះទៀត លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ខេត្តប៉ៃលិន មិនត្រឹមតែជាខេត្តល្បីឈ្មោះជាទឹកដីត្បូងពេជ្រ ប៉ុណ្ណោះទេ តែជាខេត្តមួយដែលមានអត្តសញ្ញាណវប្បធម៌ រូបិយ និងអរូបិយ លេចធ្លោមានជាអាទិ៍៖ “របាំក្ងោកប៉ៃលិន” និងដំណាំ កសិផល “មៀនប៉ៃលិន” ព្រមទាំងជាគោលដៅទេសចរណ៍ធម្មជាតិ, អេកូទេសចរណ៍, កសិទេសចរណ៍ និង តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត ដែលភ្ញៀវទេសចរតែងប៉ងប្រាថ្នាមកលេងកម្សាន្ត និងមកស្គាល់ដោយផ្ទាល់ ជាពិសេសទេសចរ ចង់មកឃើញផ្ទាល់នូវទេសភាព និងសម្រស់ខេត្តប៉ៃលិន ដែលត្រូវបានកវីនិពន្ធសរសេររៀបរាប់ និងចងក្រងពិពណ៌នាយ៉ាងលម្អិតនៅក្នុងបទចម្រៀង និងរឿងប្រលោមលោកជាច្រើន៕
ដោយ៖ ដារាត់| ដើមអម្ពិល




