ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយលោក ត្រាំ បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងចិន

តូក្យូ៖ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា លោកស្រីបានបញ្ជាក់ជាថ្មី នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយ សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានកើតឡើងភ្លាមៗបន្ទាប់ពីលោកបានជួប ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង។

លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានថា លោក ត្រាំ បានស្នើសុំកិច្ចពិភាក្សា ជាមួយលោកស្រី និងបានជម្រាបជូន លោកស្រីអំពីការ សន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោក ស៊ី ជីនពីង កាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី បានចៀសវាង ការពន្យល់បន្ថែម រួមទាំងការពិភាក្សាណាមួយទាក់ទង នឹងមតិយោបល់របស់លោកស្រី លើស្ថានភាពបន្ទាន់របស់តៃវ៉ាន់។

ប្រទេសជប៉ុន និងចិន ត្រូវបានជាប់គាំង នៅក្នុងជម្លោះការទូត ដែលកំពុងកើនឡើងចាប់តាំងពីទីក្រុងប៉េកាំង បានរិះគន់យ៉ាងខ្លាំងចំពោះចម្លើយរបស់លោកស្រី Takaichi ចំពោះសំណួរសភានៅថ្ងៃទី ៧ ខែវិច្ឆិកា ដែលលោកស្រី បានលើកឡើងថា ការវាយប្រហារដោយយោធាលើតៃវ៉ាន់ អាចបង្ហាញពី “ស្ថានភាពគំរាមកំហែង ដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន។

ការកត់សម្គាល់របស់លោកស្រី Takaichi ត្រូវបានបកស្រាយថា បង្ហាញថា រដ្ឋាភិបាលរបស់លោកស្រី អាចអនុញ្ញាតឱ្យកងកម្លាំងការពារខ្លួនចាត់វិធានការ ដើម្បីគាំទ្រសហរដ្ឋអាមេរិក ប្រសិនបើប្រទេសចិន ដាក់ការបិទផ្លូវសមុទ្រលើតៃវ៉ាន់ ឬចូលរួមក្នុងទម្រង់ នៃការបង្ខិតបង្ខំផ្សេងទៀត។

លោកស្រី Takaichi ក៏បានឲ្យដឹងផងដែរថា នាងបានឆ្លើយសំណួររបស់លោក ត្រាំ អំពីកិច្ចប្រជុំកំពូល G20 ដែលបានធ្វើឡើង នៅអាហ្វ្រិកខាងត្បូងកាលពីចុងសប្តាហ៍មុន ដែលលោកស្រីបានចូលរួម ហើយរដ្ឋាភិបាល សហរដ្ឋអាមេរិកបានធ្វើពហិការ។ លោក ត្រាំ បានប្រាប់លោកស្រីថា លោកស្វាគមន៍ការហៅទូរស័ព្ទពី “មិត្តជិតស្និទ្ធ” នៅពេលណាក៏បាន។

លោក ត្រាំ មិនទាន់បានបង្ហាញ ពីជំហរ របស់លោកលើការអត្ថាធិប្បាយ របស់លោកស្រី Takaichi អំពីភាពអាសន្ន របស់តៃវ៉ាន់ នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក ត្រាំ បានប្រាប់មេដឹកនាំចិនថា លោកយល់ពីសារៈសំខាន់នៃបញ្ហាតៃវ៉ាន់ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សារបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន មួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារថា ការហៅទូរស័ព្ទរវាងលោក ស៊ី និងលោក ត្រាំ ត្រូវបានផ្តួចផ្តើមឡើងតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដោយពណ៌នាអំពីបរិយាកាសនៃការសន្ទនាថា “វិជ្ជមាន រួសរាយរាក់ទាក់ និងស្ថាបនា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top