ក្រសួងបរិស្ថាន បន្តជំរុញសកម្មភាព តាមផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ឆ្ពោះទៅភាពស្អាត និងបង្កើនគម្របបៃតង នៅកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសទទួលជូប លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ ពីការងារបន្តលើការគ្រប់គ្រងបរិស្ថាន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការអនុវត្តសកម្មភាពធ្វើការប្តេជ្ញាចិត្ត ដើម្បីភាពស្អាតនៅកម្ពុជា ដែលមានអ្នកចូលរួមចំនួន ជាង១៤លាននាក់។

យោងតាមប្រសាសន៍របស់លោករដ្ឋមន្ដ្រី , ក្រសួងបរិស្ថាន បន្តចែកធុងសំរាមជូនទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ឱ្យចេះទុកដាក់ និង ញែកសំរាមបានត្រឹមត្រូវ កាត់បន្ថយការបញ្ចេញ សំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំភូមិឋានឱ្យបានស្អាត មានសោភ័ណភាព និងជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដោយទាញយកប្រយោជន៍សេដ្ឋកិច្ច ចេញពីការទុកដាក់សំរាម បានត្រឹមត្រូវ។

លោករដ្ឋមន្ដ្រី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាន នឹងបន្តអនុវត្តយុទ្ធនាការនានា ដើម្បីកម្ពុជាមានភាពស្អាត ក្នុងនោះធ្វើការលើកកម្ពស់ការទុកដាក់ ចុងក្រោយសំរាម សំណល់រឹង តាមរយៈការជំរុញឱ្យមានការកែសម្រួលទីលាន ដែលមានស្រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ និង ការគ្រប់គ្រងទីលាន និងការជំរុញការរៀបចំទីលានថ្មី ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។

ក្នុងជំនួបនេះ លោកស្រី YASMIN SIDDIQI បានធ្វើការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការជំរុញសកម្មភាពដើម្បីភាពស្អាតរបស់ប្រទេសកម្ពុជា ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈខម្រុះ និងការជួយឱ្យការរស់នៅរបស់ប្រជាជនមានជីវភាពល្អប្រសើរ ជាលំដាប់។ ជាមួយគ្នានេះ លោកស្រីនាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើង ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានផងដែរ៕


