ព័ត៌មានជាតិ

សន្និសីទសារពត៌មាន ស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ខួប ៥ ឆ្នាំ” គាំទ្រដោយ មន្ទីរពេទ្យកុមារអង្គរ និងមូលនិធិម៉ានី

ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សន្និសីទ​ សារពត៌មានស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាខួប ៥ ឆ្នាំ” បានប្រារព្ធឡើងនៅ The Kampus​, ពីម៉ោង ៨ ទៅ ១១ ព្រឹក ។ គម្រោងមនុស្សធម៌ នឹងប្រារព្ធរយៈពេល ២យប់ ៣​ថ្ងៃចាប់ផ្តើមពីថ្ងៃ១៩ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះ បានរៀបចំឡើង ជាបន្តបន្ទាប់រយៈពេល ៥ ឆ្នាំមកហើយ ក្នុងគោលបំណងកៀរគរថវិកា និងលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសុខភាពកុមារកម្ពុជា ក្រោមការគាំទ្រយ៉ាងសកម្មពី មន្ទីរពេទ្យកុមារអង្គរ និង មូលនិធិម៉ានី ។

ជារៀងរាល់ឆ្នាំមានកុមារកម្ពុជា រាប់សិបម៉ឺននាក់ ដែលត្រូវការការព្យាបាល និង សេវាសង្គ្រោះបន្ទាន់ ក្នុងនោះមន្ទីរពេទ្យ កុមារអង្គរ ជាមន្ទីរពេទ្យដ៏ធំ មួយក្នុងចំណោមមន្ទីរពេទ្យដទៃទៀត ដែលកំពុងបំពេញបេសកកម្ម ក្នុងការសង្គ្រោះជីវិតកុមារ និងទារកកម្ពុជា រាប់លានករណីដោយឥតគិតថ្លៃ ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យត្រូវការថវិកា ចំណាយសរុប ប្រមាណជា ៦លាន ដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវពឹងផ្អែកទាំងស្រុងពីជំនួយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស​ ដើម្បីបន្តសកម្មភាពព្យាបាលជំងឺផ្សេងៗ របស់កុមារ ដែលមកទទួលសេវាទូទាំងប្រទេសកម្ពុជា។
ដូច្នេះហើយក្រោមការផ្តួចផ្តើមរបស់ លោក អ៊ីវ គឹមសួរ ជា​គ្រូបង្វឹកអាជីវកម្ម​និងជា​សមាជិក នៃ BNI Master រួមសហការជាមួយដៃគូដែលជាបណ្តាស្ថាប័នឯកជននានា និងការគាំទ្រពីស្ថាប័នរដ្ឋមានមន្ទីរទេសចរណ៏ និងសាលាខេត្តកំពត បានជម្រុញអោយមានការបង្កើតកម្មវិធី​ <ដើរឡើងភ្នំដើម្បីសុខភាពកុមារ> នេះឡើង។

កម្មវិធី ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ លើកទី៥ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី​១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រយៈពេលបីថ្ងៃពីរយប់ ក្នុងទឹកដី នៃខេត្តកំពត ដោយអ្នកចូលរួមត្រូវដើររួមគ្នាចំងាយ ៣១ គម ចេញពីទីតាំងជើង ភ្នំបូកគោឡើង តាមផ្លូវថ្នល់ និងបញ្ចប់នៅទីតាំងរង្វង់មូលផ្លូវបំបែកនៅលើកំពូលភ្នំ។ កម្មវិធីធ្វើឡើងក្នុងគោលបំណង ៣ ធំៗ៖ (១) ប្រមូលមូលនិធិដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ អោយបានយ៉ាងតិចណាស់ ១ ម៉ឺនដុល្លារអាមេរិក, (២) ជំរុញគោលដៅទេសចរណ៍ «ឋានសួគ៌បូកគោ,» និង (៣) បង្កទំនាក់ទំនងសង្គមអាជីវកម្ម និង ស្មារតីសប្បុរសធម៌ មនុស្សធម៌របស់សង្គមជាតិកម្ពុជា។ 

យុទ្ធនាការឡើងភ្នំដ៏ធំនេះ នឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥។
មូលនិធិម៉ានីចូលរួមគាំទ្រកម្មវិធីនេះ យ៉ាងសកម្ម ក្នុងគោលបំណងរួមគ្នាបង្កើនសុខុមាលភាព ដល់កុមារកម្ពុជា និងធានាថាកុមារ ដែលខ្វះខាតអាចទទួលបានការព្យាបាល ដោយឥតគិតថ្លៃ។
សម្រាប់បងប្អូនសប្បុរសជន ដែលមានការចាប់អារម្មណ៍ចង់ចូលរួម ឬឧបត្ថម្ភ
សូមទាក់ទងតាមរយៈទូរស័ព្ទ
លោក រស់ សាត (086 256 585)
លោក ថូ ភីរ៉ាត់ (061 797 978)
Registration link: https://forms.gle/tJWqbtkDLxSwGdDL9

To Top