ព័ត៌មានជាតិ

សម្តេចធិបតី៖ បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ កុំតាំងខ្លួនធ្វើជាអ្នកចេះ ជាងអ្នកជំនាញព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់យោបល់ ដល់ក្រុមប្រឆាំងដែលកំពុងទាញយកបញ្ហាព្រំដែន ដើម្បីកេញចំណេញនយោបាយថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះ​ ជាងអ្នកជំនាញព្រំដែន ដែលបានធ្វើកិច្ចការងារនេះ រាប់ទសវត្សរ៍មកហើយ ។

ការផ្តល់យោបល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយម ដែលមានបក្ខពួកនៅក្រៅប្រទេស ក្នុងមួយរយៈនេះ ឆ្លៀតពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាជម្លោះព្រំដែន បានទាញយកបញ្ហាព្រំដែននេះ ទៅនិយាយ ទាំងគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីកេញចំណេញនយោបាយ នាំឱ្យមានការយល់ច្រឡំ ។

យោងតាមបណ្តាញសង្គម របស់សម្តេចធិបតី​ នាយករដ្ឋមន្ត្រី​ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលយើង កំពុងដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង សម្តេចមិនចង់មានការឆ្លើយឆ្លង ជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិត ក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។

ក្នុងនោះសម្តេចធិបតី បានរំលឹកថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា÷ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមស៊ីវិល នាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រ នៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជា ទទួលស្គាល់ព្រំដែនថ្មី គឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា នូវការលើកឡើងរបស់លោក អ៊ី ឈាន ដែលចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិ ដែលមានខ្លឹមសារថា៖ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយ ក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា កំពុងអនុវត្តដោយឈរ លើមូលដ្ឋានច្បាប់ អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារ ដែលបន្សល់ទុកពីបារាំង។

ក្នុងនោះសម្តេចធិបតី បានថ្លែងថា ខ្ញុំនិងប្រជាជនទាំងអស់ នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួន ជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណា ចំពោះ លោក អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេ ដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថា ខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ លោក អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិ ដូចអ្វីដែលលោកតែងតែចោទ អ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ ។

ជាមួយគ្នានេះ សម្តេចធិបតី បានកត់សម្គាល់ថា តាមដែលសម្តេចមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូន ប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធ នឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការ បានទាំងមូលដ្ឋាន បច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថា ដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា លោក អ៊ី ឈាន បាននិយាយដូច្នេះ នៅពេលដែល លោក អ៊ី ឈាន ច្រានចោលថាជាការប្រឌិត ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែ បានឱ្យយោបល់ដូច្នេះថា បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែន ដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួន​ឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រ អំពីវិធីសាស្ត្រឬបច្ចេកទេស​ ក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមា នៅលើដីឱ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីឱ្យអ្នកមានជំនាញ ព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេស ក្នុងការប្រើប្រាស់ផែនទី។ បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរ ដើម្បីឱ្យអ្នកបច្ចេកទេសធ្វើបទបង្ហាញឱ្យ ដែលតំណាងអស់លោក អាចយកទៅបង្រៀនបន្ត ដល់លោកនិងក្រុមលោក។

ក្នុងនោះដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ថា នៅពេលដែលអស់លោកបានយល់ដឹងខ្លះៗ ពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាព និយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top