ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ បប ស្តីពីការដាក់ចេញវិធានការ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍ អេឡិចត្រូនិកនិងសារធាតិគីមីសម្រាប់ជក់ និងស៊ីស្សា។

កិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ មានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី លោករដ្ឋមន្ត្រី លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ។

សូមជម្រាបជូនថា បទបញ្ជាលេខ០២ បប ត្រូវបានដាក់ឱ្យអនុវត្ត ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាព សាធារណៈជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិងយុវជន នៅព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជាពិសេសប៉ះពាល់ដល់សុខភាព អ្នកសិក្សានិងបុគ្គលិកអប់រំ ។

ពាក់ព័ន្ធនឹងបញ្ហានេះការប្រើប្រាស់ឧបករណ៍ សម្រាប់ជក់ និងស៊ីស្សាទាំងនេះ ជាជំហានដែលអាចនាំឱ្យអ្នកប្រើប្រាស់ វាឈានដល់ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ផងដែរ៕



