ជនបរទេសរាប់ពាន់នាក់ ជាប់គាំងក្នុងទឹកជំនន់ រិះគន់ការគ្រប់គ្រងរបស់ថៃ ពីការអត់អាហារ និងទឹករយៈពេល ២-៣ថ្ងៃ
បរទេស: ក្នុងអំឡុងពេលទឹកជំនន់នៅខេត្តសុងក្លា ជនបរទេសជាច្រើនបានជាប់គាំងក្នុងទឹក ។ របាយការណ៍បង្ហាញថា ជនបរទេសប្រហែល ១.០០០ នាក់មកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី នៅតែជាប់គាំងនៅក្នុងស្រុក៨។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ ខែវិច្ឆិកា មក ភ្ញៀវទេសចរប្រហែល ១២.០០០នាក់ដែលមកកម្សាន្ត ឬធ្វើជំនួញ រួមទាំងកិច្ចប្រជុំសភាពាណិជ្ជកម្មជាតិ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ ទឹកជំនន់ដែលកើនឡើង បានធ្វើឱ្យមនុស្សជាច្រើន ជាប់គាំងនៅក្នុងកន្លែងស្នាក់នៅ របស់ពួកគេ។ សណ្ឋាគារដែលមានផ្ទះបាយអាចផ្តល់អាហារបាន ប៉ុន្តែសណ្ឋាគារមួយចំនួន ដែលគ្មានផ្ទះបាយ បានធ្វើឱ្យភ្ញៀវទេសចរគ្មានអាហារ ឬទឹកស្អាតរយៈពេលន២ ទៅ ៣ ថ្ងៃ។ អ្នកខ្លះបានស្នើសុំជំនួយ ដើម្បីទៅដល់អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង និងស្ថានីយឡានក្រុង ប៉ុន្តែមនុស្សប្រហែល ១.៣០០នាក់នៅតែជាប់គាំងនៅក្នុងសណ្ឋាគារ ។
លោក Sittipong Sittaikrapra ប្រធានសមាគមសណ្ឋាគារ ហាតយ៉ៃ-សុងក្លា បានថ្លែងថា ភ្ញៀវទេសចរជាង ១០.៦០០ នាក់បានរងផលប៉ះពាល់ និងជាប់គាំងនៅក្នុងកន្លែងស្នាក់នៅ របស់ពួកគេ ។ មនុស្សជាច្រើនបានសម្តែងការខកចិត្ត ចំពោះការគ្រប់គ្រងកិច្ចខិតខំប្រឹង ប្រែងផ្តល់ជំនួយសង្គ្រោះ ដោយលើកឡើងពីការពន្យារពេល និងជំនួយមិនគ្រប់គ្រាន់ ពីភ្នាក់ងាររដ្ឋាភិបាល។
មជ្ឈមណ្ឌលជំនួយទេសចរណ៍ មួយត្រូវបានបង្កើតឡើងនៅផ្សារទំនើប Central Festival Hat Yai ដោយមានការគាំទ្រ ពីបណ្តាញនានា រួមមានសមាគមសណ្ឋាគារ Hat Yai ក្រុមហ៊ុនធានារ៉ាប់រង FTS ក្រុមជួយសង្គ្រោះ Pattani និង Padang Besar និងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ មកពីប្រទេសម៉ាឡេស៊ី។
កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីស្វែងរកអ្នកទេសចរ ដែលជាប់គាំងមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ីនៅក្នុងស្រុក8 ជាកន្លែងដែលទឹកជំនន់នៅតែខ្ពស់។ មនុស្សប្រហែល ១.០០០ នាក់នៅតែជាប់គាំង ដោយមានប្រហែល ៣០០ នាក់នៅជំរកសាកលវិទ្យាល័យ Prince of Songkla។
ប្រែសម្រួល: ណៃ តុលា
