ព័ត៌មានជាតិ

ក្រសួងអប់រំ ហាមឃាត់ការ ទទួលទាន ការចែកចាយ ការតាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅតាមសាលារៀន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន។

ការហាមឃាត់នេះ ក្នុងគោលបំណងយកចិត្តទុកដាក់ បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្ស ពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា «សូមហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង បរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន»។

ក្នុងន័យនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តដូចជា៖ ត្រូវហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព ចំណីអាហារនិងអាហារ ប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំ កន្លងមក។

លើសពីនេះ ត្រូវដាក់បញ្ចូលបន្ថែមនៅក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និង ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ត្រូវអប់រំ និងក្រើនរំឭកជាប្រចាំអំពីខ្លឹមសារនៃសេចក្តីណែនាំ បទបញ្ជាផ្ទៃក្នុង និងក្រមប្រតិបត្តិ របស់គ្រឹះស្ថានសិក្សាស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា៕

To Top