ព័ត៌មានអន្តរជាតិ

Update: ភ្លើងឆេះ Apartments ដ៏សាហាវក្នុងប្រវត្តិសាស្ត្រ នៅហុងកុង អ្នកស្លាប់កើនដល់ជិត ១០០នាក់‎

បរទេស: ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធនឹងភ្លើងអស់ រយៈពេលពីរថ្ងៃមកហើយ ដើម្បីពន្លត់អគ្គីភ័យ នៅអគារផ្ទះល្វែងខ្ពស់ៗក្នុងទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤ នាក់ ដែលជាអគ្គីភ័យដ៏សាហាវបំផុត មួយក្នុងប្រវត្តិសាស្ត្រសម័យ ទំនើបរបស់ទីក្រុងហុងកុង។

‎យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តការងារពីអាផាត មិនមួយទៅអាផាតមិនមួយនៅអគារដែលឆេះខ្ទេចខ្ទី ខណៈដែលផ្សែងក្រាស់ បានហុយចេញពីបង្អួចមួយចំនួននៅអគារ Wang Fuk Court ដែលជាអគារមានមនុស្សរាប់ពាន់នាក់រស់នៅក្នុងស្រុក Tai Po ជាយក្រុងភាគខាងជើងជិតព្រំដែន ហុងកុងជាមួយដីគោក។

‎មន្ត្រីបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែកំពុងធ្វើការលើអាផាតមិនមួយចំនួនតូច និងកំពុងព្យាយាមចូល ទៅក្នុងអង្គភាពទាំងអស់នៅក្នុងអគារទាំងប្រាំពីរ ដើម្បីធានាថាមិនមានអ្នកស្លាប់បន្ថែមទៀតទេ។

‎គេមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលនៅបាត់ខ្លួន ឬជាប់គាំង។ មេដឹកនាំហុងកុង លោក John Lee បាននិយាយថា ការទាក់ទងជាមួយមនុស្ស ២៧៩ នាក់បានបាត់បង់នៅព្រឹកថ្ងៃព្រហស្បតិ៍។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានថ្មីៗ អំពីមនុស្សដែលបាត់ខ្លួន ឬចំនួនប៉ុន្មាននាក់ ដែលនៅតែនៅខាងក្នុង អគារដែលត្រូវបានបំផ្លាញនៅថ្ងៃព្រហស្បតិ៍ក្នុងអំឡុង ពេលសន្និសីទសារព័ត៌មាននោះទេ។

‎‎ប្រែសម្រួល: ណៃ តុលា

To Top