លោក ហួត ហាក់ ៖ ភ្ញៀវទេសចរ និងវិនិយោគិនចិន នៅតែជាទីផ្សារ នាំមុខរបស់កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ភ្ញៀវទេសចរ និង វិនិយោគិនចិន នៅតែជាទីផ្សារនាំមុខ របស់ប្រទេសកម្ពុជា ដែលកម្ពុជា ត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍ ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុន វិនិយោគ ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាព ទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» ដោយមានការ ចូលរួមពីលោក CHEN Cong អគ្គទីប្រឹក្សា នៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) សាស្រ្តាចារ្យល្បីៗ ពីសកលវិទ្យាល័យចិនធំៗ អ្នកជំនាញពី មជ្ឈមណ្ឌលអាស៊ាន-ចិន សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន អ្នកផលិតមាតិកា និង influencers ចិន-កម្ពុជា ព្រមទាំងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណ ៣០០នាក់ នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort។

ថ្លែងក្នុងឱកាសនេះ ភាគីចិន និង ភាគីកម្ពុជា មានទស្សនៈរួមគ្នាថា វេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ជាការឆ្លុះបញ្ចាំងឱ្យឃើញ នូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការ ដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងបណ្តារដ្ឋបាលខេត្ត-ក្រុងនានា របស់ប្រទេសចិន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន។ ហើយវេទិកានេះ នឹងក្លាយជាការអនុវត្តជាក់ស្តែង ប្រកបដោយផ្លែផ្កាក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ សំដៅជំរុញកំណើន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងបន្ថែមលើចំនួនភ្ញៀវទេសចរ ដែលកំពុងមានសន្ទុះ កើនស្រាប់នាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន លោករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះការចូលរួមដ៏ផុសផុល និង ពីគ្រប់តំបន់នៃប្រទេសចិន និងកម្ពុជាដើម្បីរួមគ្នាគិត និងរួមគ្នាធ្វើឱ្យជាក់ស្តែង លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន ដើម្បីជាប្រយោជន៍រួមគ្នា និងការពង្រឹងពង្រីក ការផ្លាស់ប្តូរប្រជាជន នៃប្រជាជាតិទាំងពីរ ។ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីអនុសាសន៍សំខាន់ៗ មួយចំនួនដល់អង្គវេទិកា ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ ឱ្យកាន់តែស៊ីជំរៅ និងប្រកបដោយប្រសិទ្ធិភាព ក្នុងការទាក់ទាញ នូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រទេសទាំងពីរ។

តាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបបានប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិន មានចំនួន ប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ ការត្រលប់មកវិញ នូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋារកិច្ច ដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។

បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

សូមជម្រាបជូនថាក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ នឹង រៀបចំកម្មវិធីសំខាន់ៗ មួយចំនួននាចុងឆ្នាំ២០២៥ ដែលរួមមាន៖ ១) ព្រឹត្តិការណ៍ មហាស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញ វប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន នាល្ងាចថ្ងៃទី៦ ខែធ្នូ នៅខេត្តសៀមរាបនិង ២) វេទិកាផ្គូផ្គងធុរកិច្ចទេស ចរណ៍អន្តរជាតិ កម្ពុជា-ចិន នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តសៀមរាប ៕
ដោយ៖ ដារាត់| ដើមអម្ពិល







