ព័ត៌មានអន្តរជាតិ

លោក Putin ៖ នៅមិនទាន់មានពង្រាង សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ណាត្រូវបានធ្វើឡើងនៅឡើយទេ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា គ្មានឯកសារព្រាង ស្តីពីកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែននៅឡើយទេ ព្រោះថាទីក្រុងវ៉ាស៊ីនតោន ទើបតែគូសបញ្ជាក់ពីបញ្ជីបញ្ហា ដែលត្រូវពិភាក្សាប៉ុណ្ណោះ។

លោកប្រធានាធិបតី​បាន​បន្ថែមទៀត​ថា ទោះ​យ៉ាង​ណា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចរចា​អំពី​ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក។

លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Bishkek ប្រទេស Kyrgyzstan ដែលបានរៀបចំកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) ដែលជាប្លុកក្នុងតំបន់ ដែលប្រមូលផ្តុំប្រទេសក្រោយ សហភាពសូវៀតមួយចំនួន។

នៅពេលសួរដោយអ្នកកាសែតអំពីផែនការសន្តិភាពដែលស្នើឡើង ដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន លោក Putin បាននិយាយថា គ្មានឯកសារព្រាងណាមួយទេ មានតែបញ្ហាជាច្រើនដែលលើកឡើង ដោយទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សានោះទេ។

លោកប្រធានាធិបតីបានចង្អុលបង្ហាញថា ៖ ជាគោលការណ៍ យើងយល់ស្របថា នេះអាចក្លាយជាមូលដ្ឋាននៃកិច្ចព្រមព្រៀង នាពេលអនាគតប៉ុន្តែវានឹងមិនសមរម្យសម្រាប់ ខ្ញុំក្នុងការនិយាយអំពីសេចក្តីព្រាងចុងក្រោយណាមួយនៅពេលនេះ ព្រោះថាមិនមាននៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top