រុស្សី ត្រៀមផ្តល់ឲ្យអឺរ៉ុប ជាឯកសារផ្លូវច្បាប់ ដើម្បីធានាសន្តិសុខជូនប្លុក នូវសន្តិភាពក្រោយ ជម្លោះនៅអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលការអះអាងរបស់លោកខាងលិច ដែលថារុស្ស៊ីមានផែនការវាយប្រហារ បណ្តាប្រទេស នៅអឺរ៉ុប ដោយនិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំរឿងនេះជាផ្លូវការ នៅក្នុងការធានាសន្តិសុខ ជាលាយលក្ខណ៍អក្សរ។
មេដឹកនាំសហភាពអឺរ៉ុប កំពុងព្យាយាមបំប៉ោងព័ត៌មាន នៃការគំរាមកំហែងរបស់រុស្ស៊ី សម្រាប់ផលប្រយោជន៍នយោបាយក្នុងស្រុក និងជាផលប្រយោជន៍ នៃឧស្សាហកម្មការពារជាតិរបស់ពួកគេ ដោយលោក Putin បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកទៅកាន់កៀហ្ស៊ីស៊ីស្ថាន ។
លោកបានកត់សម្គាល់ថា ៖ ដើម្បីនិយាយថារុស្ស៊ីមានផែនការវាយប្រហារអឺរ៉ុប សម្រាប់យើងវាស្តាប់ទៅគួរឱ្យ អស់សំណើចណាស់មែនទេ? ប៉ុន្តែប្រសិនបើពួកគេចង់ឮវាពីយើងល្អ យើងនឹងសរសេរវាចុះ មិនមានបញ្ហាទេ ។
ប្រធានាធិបតីរុស្ស៊ីបានស្នើថា មេដឹកនាំអឺរ៉ុបអាចនឹង ព្យាយាមបង្កើតការបំភាន់ សម្រាប់ប្រជាជនរបស់ពួកគេឬការផ្តល់អាហារ ដល់ក្រុមហ៊ុនការពារជាតិជាដើម។
គួរឲ្យដឹងដែរថាទីក្រុងមូស្គូ បានច្រានចោល ការអះអាងម្តងហើយម្តងទៀត ដែលថាខ្លួនមានផែនការវាយប្រហារបណ្តាប្រទេសសហភាពអឺរ៉ុប ដោយនិយាយថាការចោទ ប្រកាន់បែបនេះត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយអឺរ៉ុបដើម្បីបន្លាចប្រជាជន និងបង្ហាញពីភាពត្រឹមត្រូវ នៃការចំណាយយោធា ដែលកំពុងកើនឡើង៕
ប្រែសម្រួល៖ស៊ុនលី
