កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នា កសាងព្រំដែន រួមប្រកបដោយ សន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍
ភ្នំពេញ ៖ កម្ពុជា-ឡាវ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
នេះបើយោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ភាគីទាំងពីរ បានកោតសរសើរ ចំពោះលទ្ធផលសំខាន់ៗ នៃការកំណត់ ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ហើយបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការ ដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់ ពាក់ពន្ធ័នឹងវិស័យនេះឱ្យកាន់តែសកម្ម។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះមិត្តឡាវ ដែលបានផ្គត់ផ្គង់អគ្គិសនី ដើម្បីបំពេញតម្រូវការ របស់ខ្លួន។ ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន កសិកម្ម ការតភ្ជាប់ការដឹកជញ្ជូន ទេសចរណ៍ ការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំ។
រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើការវិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ ដែលជា ផលប្រយោជន៍ទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងសកល ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ទន្ទឹមនឹងការបញ្ជាក់សារជាថ្មី អំពីការគាំទ្ររបស់ឡាវចំពោះកម្ពុជា លោករដ្ឋមន្ត្រី ថងសាវណ្ណ កុមវិហាន បានជូនពរកម្ពុជាទទួល បានជោគជ័យធំធេងក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក ថងសាវណ្ណ កុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៥ នៃ គណៈកម្មការចម្រុះ កម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥៕
